Connect with us

ព័ត៌មាន

ក្រសួងការងារ បើកសិក្ខាសាលារយៈពេលពីរថ្ងៃ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តំណាងកម្មករនិយោជិត សហជីព និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានថ្លែងថា សិក្ខាសាលារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ បរិយាបន្ន និងឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារព្រមទាំងការត្រៀមខ្លួនរបស់កម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា គោលនយោបាយនេះនឹងបន្តពង្រឹងលើវឌ្ឍនភាពបន្ថែមក្នុងទិសដៅជំរុញការកសាងមូលធនមនុស្សឱ្យស្របតាមបាវចនានៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងដើរតួនាទីជាមាគ៌ាដ៏សំខាន់ក្នុង ការតម្រង់ទិសដោយធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីនៃការបណ្តុះបណ្តាលជំនាញ តាមរយៈការបើកច្រកឱ្យទូលាយតាមគ្រឹះស្ថាន ធីវេត ការបង្កើតវគ្គសិក្សាតាមថ្នាលឌីជីថល ឬ បញ្ញាសិប្បនិម្មិត (AI) ការរៀបចំកម្មវិធីនៃការបណ្តុះបណ្តាលឆ្លាស់ជាមួយគ្រឹះស្ថាន ធីវេត អន្តរជាតិ ការរៀបចំលើការទទួលស្គាល់ការសិក្សាវគ្គខ្លីៗដោយចូលរួមតាមរយៈការលើកកម្ពស់ការសិក្សាពេញមួយជីវិត ការបង្កើនជំនាញ និងការផ្លាស់ប្តូរជំនាញ ព្រមទាំងពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកសាងកម្លាំងពលកម្មដែលមានគុណភាព ផលិតភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់។

ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន គ្រឹះស្ថាន ធីវេត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្តល់មតិយោបល់ និងធាតុចូលប្រកបដោយគុណភាព ដើម្បីធានាថា គោលនយោបាយនេះមានភាពស៊ីជម្រៅ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងក្លាយជាគោលនយោបាយជាតិរួម សម្រាប់ការកសាងមូលធនមនុស្សកម្ពុជា ស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia