Connect with us

ព័ត៌មាន

មន្រ្ដីជំនាញ៖ ផ្នែកខាងក្រោម​ស្ទឹងព្រែកត្នោត គឺជាតំបន់អាទិភាពសម្រាប់កែលម្អគុណភាពទឹក និង​ការពារសុវត្ថិភាពទឹកស្អាតយកមកប្រើប្រាស់​

ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅ​កាត់​ថា JICAបាន​លើកឡើងថា តាមលទ្ធផល​នៃ​ការ​តាម​ដាន​គុណភាព​ទឹក​ដែល​បាន​អនុវត្ត​ក្រោម​គម្រោង «ពង្រឹងសមត្ថភាពលើការគ្រប់គ្រង» ការបំពុលទឹក​ដំណាក់​ការ​ទីពីរ​ដែល​ផ្តោត​លើ​ស្ទឹង​ព្រែក​ត្នោតកន្លងមក បានបង្ហាញថា ខ្សែទឹកខាងក្រោមនៃ ស្ទឹងព្រែកត្នោត ជាពិសេស​តំបន់​ក្រុង​តាខ្មៅ គឺជាតំបន់អាទិភាពដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងចាត់វិធានការ​សម​ស្រប ​ដើម្បីកែលម្អគុណភាពទឹក និងការពារសុវត្ថិភាពនៃការប្រើប្រាស់ប្រភពទឹក។

លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋាគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បាន​ថ្លែង​បើក​ក្នុង​​កិច្ចប្រជុំពិគ្រោះយោបល់រវាងភាគីពាក់ព័ន្ធ ស្តីពី គ្រប់គ្រង និងការកែលម្អគុណភាព​ទឹក​នៅ​តំបន់​ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦នេះថា បញ្ហាគុណភាព​ទឹក​នៅ​តំបន់​នេះ មានភាពពាក់ព័ន្ធជាមួយការកើនឡើងនៃបន្ទុកសារធាតុបំពុលពីតំបន់ទី ប្រជុំជន តំបន់​លំនៅ​ឋាន និងប្រភពបំពុលផ្សេងៗ ដោយយោងលើសូចនាករប៉ារ៉ាម៉ែត្រសំខាន់ៗ ដែល អ្នកពាក់ព័ន្ធ​បាន​តាម​ដានជាពិសេសចំពោះ តម្រូវការអុកស៊ីសែនតាមបែបជីវសាស្រ្ត (BOD) អាសូត(N) និង​ផូស្វ័រ(P) ដែលជាសូចនាករសំខាន់សម្រាប់វាយតម្លៃ ស្ថានភាព និង​បន្ទុក​សារ​ធាតុ​បំពុល​ក្នុង​ប្រភព​ទឹក​។

លោក ជូ មុនីដារិន ថ្លែងទៀតថា បញ្ហាប្រឈមដែលកំពុងជួបប្រទះ មិនមែនជា​បញ្ហា​ដែល​អា​ច​ដោះ​ស្រាយ​បានដោយស្ថាប័នណាមួយ តែឯងនោះទេ។ វាពាក់ព័ន្ធនឹងការ​គ្រប់​គ្រង​សំណល់​រាវ​ពី​តំបន់​លំ​នៅ​ឋាន ការគ្រប់គ្រងអាងសិបទិច និង ការបូមសម្អាតកាកសំណល់ ការបំពុល​ពី​តំបន់​ឧស្សាហ​កម្ម ការគ្រប់គ្រងតំបន់ដីសើម ការប្រើប្រាស់ដីការ តាមដាន និងការចែករំលែក​ទិន្នន័យ​គុណ​ភាព​ទឹក ព្រមទាំងការយល់​ដឹង​របស់​សហគមន៍​អំពី​ការ​ប្រើ​ប្រាស់​ទឹក​ប្រកប​ដោយ​សុវត្ថិភាព​។

កិច្ចប្រជុំនេះ មានការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ហៅកាត់ថា JICA ដែលមានការចូលរួមប្រមាណ ៦០នាក់​ មកពីក្រសួង/មន្ទីរ និង​ស្ថាប័នពាក់ព័ន្ធមួយចំនួន។ លោកបណ្ឌិត ម៉ូរ៉ាម៉ាសី យ៉ាសូហ៊ីតុ ប្រធានក្រុមការងារ JICA នៃ​គម្រោង​ការ​ពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក ដែលបានធ្វើបទ​បង្ហាញ​ស្តីពី​ស្ថាន​ភាព​គុណ​ភាពទឹកនាពេលបច្ចុប្បន្ន ថា តំបន់ចំនួន ៥ នៃស្ទឹងព្រែកត្នោត​ត្រូវ​បាន​យក​គំរូ​មក​ត្រួត​ពិនិត្យ​តាម​ដានអំពីការបំពុលទឹក ដែលត្រូវយកមកពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំនាព្រឹកនេះ។

អ្នកជំនាញសង្ឃឹមថា អង្គប្រជុំនឹងទទួលបានការពិភាក្សា និងធាតុចូលយ៉ាងស៊ីជម្រៅសំខាន់ចំនួន ៥ រួមមាន ទី១. ការកែលម្អការគ្រប់គ្រងអាងប្រព្រឹត្តកម្មសំណល់រាវទីក្រុង និង​ប្រព័ន្ធ​បូម​សម្អាត​កាក​សំណល់​ឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការ​បញ្ចេញ​សំណល់​រាវ​ដែល​មិន​បាន ប្រព្រឹត្តិ​កម្ម​ចូល​ទៅក្នុងប្រភពទឹក។ ទី២. ការពិចារណាលើការពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម និងដំ​ណោះ​ស្រាយ​ផ្អែកលើធម្មជាតិ (Nature-based Solutions) ជាវិធានការបំពេញបន្ថែម ដោយ​ត្រូវ​គិត​គូរឱ្យបានសមស្របទៅនឹង ផែនការអភិវឌ្ឍ ការប្រើប្រាស់ដី និងស្ថានភាព​ជាក់​ស្តែង​នៅ​តំបន់​គោលដៅ។ ទី៣. ការ​ពង្រឹងយន្តការចែករំលែកទិន្នន័យគុណភាពទឹករវាងស្ថាប័នពាក់ព័ន្ធ ដើម្បី​ធានាថា ទិន្នន័យអាច រប្រើប្រាស់បានទាន់ពេលវេលា មានភាពជឿជាក់ និង​អាច​គាំទ្រ​ដល់​ការ​សម្រេច​ចិត្តផ្អែកលើភស្តុតាង។ ទី៤. ការពង្រឹង​ការគ្រប់គ្រង និងការអនុវត្ត​វិធានការ​ចំពោះ​ការ​បំពុល​ពី​តំបន់ឧស្សាហកម្ម ដោយផ្អែកលើ ទិន្នន័យតាមដាន និងការវាយតម្លៃហានិភ័យ។ ទី៥. ការ​លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងការផ្សព្វផ្សាយព័ត៌មានអំពីហានិភ័យ ដើម្បី​ជំរុញ​ការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព និងការពារសុខភាពសាធារណៈ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia