Connect with us

ព័ត៌មាន

ការចុះបញ្ជីរថយន្តអគ្គិសនីនៅក្រសួងកើនដល់ ១៥ ០០០គ្រឿង គិតត្រឹម៦ខែឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា និន្នាការនៃការប្រើប្រាស់រថយន្ត​អគ្គិសនីនៅកម្ពុជាកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដោយ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីរថយន្តអគ្គិសនីកើនដល់ ១៥ ០០០គ្រឿង នៅទូទាំងប្រទេស។ ក្នុងនោះ គ្រាន់តែរយៈពេល ៦ខែឆ្នាំ២០២៦ ការចុះបញ្ជីរថយន្តអគ្គិសនីមានចំនួនជាង ៧ ០០០គ្រឿង កើនឡើង ១៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីរបាយការណ៍ចុះបញ្ជីរថយន្តអគ្គិសនីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សារវាងរដ្ឋ និងវិស័យឯកជន ស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជាទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។​ កិច្ចប្រជុំនេះ ពិភាក្សាលើប្រធានបទស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង និងតំណាងសមាគមដឹកជញ្ជូន ក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី ប្រតិបត្តិករ និងវាគ្មិនកិត្តិយសជាច្រើនរូប។

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរយោបល់គ្នា ការស្វែងយល់ពីការចូលរួមចំណែករបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យយានយន្តអគ្គិសនី ការទទួលយកនូវតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើងខ្លាំងបន្ថែមទៀត។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយើង កំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅទូទាំងប្រទេសសរុបមានចំនួន ២០ ៦០០ គ្រឿង ដែលក្នុងនោះរួមមាន រថយន្តចំនួន ១៥ ២៣៩ គ្រឿង ត្រីចក្រយានយន្តចំនួន ៨៦២ គ្រឿង និងទោចក្រយានយន្តចំនួន ៤ ៤៩៩ គ្រឿង។ គិតត្រឹមតែ ៦ខែ ដើមឆ្នាំ២០២៦ ការចុះបញ្ជីរហូតដល់ ៧ ៦៣២ គ្រឿង ដែលមានអត្រាកំណើនប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia