ព័ត៌មាន
អាជ្ញាធរភ្នំពេញប្រជុំពង្រឹងការងារបន្ថែមដើម្បីអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ ដើម្បីឲ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាពនៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនភាពការងារដែលបានរៀបតាមផែននីមួយៗ។
កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ និងមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញ។

តាមគម្រោងដែលបានរៀបចំ នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ពោលគឺនៅរាត្រីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ មានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ មានការរៀបចំបាញ់កាំជ្រួចនៅទន្លេ៤មុខចំនួន២លើក។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ នៅតាមអង្គភាពរបស់ខ្លួនឲ្យបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរឲ្យមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារសាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរបែបនេះផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា នៅកោះពេជ្រ នឹងមានការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រួចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីនេះឲ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ។ បន្ថែមពីនេះ ការរៀបចំអនាម័យ បរិស្ថានក៏ត្រូវធ្វើឡើងឲ្យបានស្អាតព្រមៗគ្នាដែរ។
គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ដោយគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤៕




អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ