ព័ត៌មាន
ព្រះមហាក្សត្រយាងប្រទានព្រះរាជអំណោយដល់សិល្បករមានវ័យចំណាស់ និងជីវភាពខ្វះខាត នៅរាជធានីភ្នំពេញ
ព្រឹកថ្ងៃទី២ខែសីហានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យស្តេចយាងប្រទានព្រះរាជអំណោយ ជូនដល់ ក្រុមសិល្បករ និងសិប្បករ ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ស្ថិតនៅក្នុងបរិវេណកោះនរា រាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសុន្ទរកថាថ្វាយព្រះពរស្វាគមន៍និងបានបញ្ជាក់ឱ្យដឹងថា ក្នុងព្រះរាជកម្មវិធីប្រទានព្រះរាជអំណោយនេះមានក្រុមសិល្បករ និងសិល្បករដែលត្រូវទទួលបានព្រះរាជអំណោយមានប្រមាណជាង៥០០នាក់។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសុន្ទរកថាដោយបាននាំមកនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ អំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បករ សិប្បករ ដែលបានអញ្ជើញមកចូល រួមក្នុងទីនេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គមានព្រះរាជបន្ទូលថា៖ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានអរិយធម៌រុងរឿងតាំងតែពីបុរាណកាលមក ហើយបានរីកសាយល្បីល្បាញទូទាំងពិភពលោក។ អរិយធម៌ដ៏រុងរឿងនោះបានបន្សល់ទុកមក ដល់យើងនាពេលបច្ចុប្បន្ននេះ នូវសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលត្រូវបានទទួលស្គាល់ ជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។

ជោគជ័យនៃការទទួលស្គាល់សម្បត្តិវប្បធម៌ជាអន្តរជាតិ ពិតជាបានមកពីការខិតខំប្រឹងប្រែង របស់ប្រជាជាតិខ្មែរទាំងមូល តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ។ គុណតម្លៃនេះជាស្នាដៃរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក លោកស្រី ជាវីរសិល្បករ សិល្បករ សិល្បការិនី ខិតខំ ចូលរួមថែរក្សា ការពារ និងអភិរក្ស ។ព្រះរាជសុន្ទរកថា គូសបញ្ជាក់ថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណា ព្រះបរមរតន កោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលព្រះអង្គនៅគង់ព្រះជន្ម និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភគាំទ្រដល់សិល្បៈវប្បធម៌ជាតិ ពិសេសសិល្បករ និងសិប្បករ។ ជាមួយគ្នានេះ ក្នុងអតីតកាលកន្លងទៅ សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ទ្រង់តែងយកព្រះរាជហឫទ័យទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សា ការពារ និងលើកស្ទួយ របាំ និង ល្ខោនព្រះរាជទ្រព្យ ឱ្យថ្កុំថ្កើងល្បីល្បាញខ្ទរខ្ទារទូទាំងពិភពលោករហូតមកដល់សព្វថ្ងៃ ហើយប្រជាជាតិ ពិសេសសិល្បករ ប្រសិទ្ធនាមព្រះអង្គថាជា “ព្រះមាតានៃរបាំ និងល្ខោនព្រះរាជ ទ្រព្យ ” ផងដែរ ។
ព្រះអង្គបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្នដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់សិល្បៈវប្បធម៌ជាតិ ដើម្បីលើកស្ទួយកិត្យានុភាពជាតិ និងកំណើនសេដ្ឋកិច្ច។

ព្រះអង្គបានកោតសរសើរយ៉ាងក្រៃលែង និងសូមឧទ្ទិសចំពោះសិល្បករខ្មែរគ្រប់រូប ដែលបានទទួលមរណភាពទៅហើយក្តី ប៉ុន្តែបានបន្សល់ទុកកេរ្តិ៍ឈ្មោះ ស្នាដៃដ៏ល្បីទុកឱ្យអ្នកជំនាន់ក្រោយរៀនសូត្រតាមរហូតមកដល់បច្ចុប្បន្ននេះ និងអ្នកកំពុងរស់នៅក្តី ដែលបានខិតខំជួយជ្រោមជ្រែងគាំទ្រ និងបានចំណាយពេលវេលាពេញមួយជីវិត បូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងទេពកោសល្យ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានៅក្នុងការអភិរក្សសិល្បៈ និងវប្បធម៌ ដែលដូនតាបានបន្សល់ទុកមក និងការអភិវឌ្ឍទម្រង់សិល្បៈ និងវប្បធម៌ថ្មីបន្ថែមទៀត ដើម្បីឱ្យកាន់តែរុងរឿងបន្តទៀត សម្រាប់កូនខ្មែរ ជំនាន់ក្រោយ ។

ព្រអង្គបន្តថា ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណីវប្បធម៌ជាតិរស់រវើកដ៏ល្អផូរផង់ បានឆ្លងកាត់នូវរបបខ្មៅងងឹត ហើយឋិតនៅគង់វង្សមកដល់សព្វថ្ងៃនេះ គឺជាគុណបំណាច់មហិមារបស់ បងប្អូន។ វប្បធម៌ប្រពៃណីជាតិដែលជាអត្តសញ្ញាណជាតិយើងរុងរឿង ភ្លឺថ្លា ត្រចះត្រចង់ ដោយសារការខិតខំលះបង់របស់បងប្អូន ហើយបងប្អូននៅតែមានតួនាទីសំខាន់ក្នុងការចូលរួម ចំណែកថែរក្សា ការពារសិល្បៈ និងវប្បធម៌ ការអភិវឌ្ឍសង្គមជាតិ និងសន្តិភាព ទៅតាមសមត្ថភាព រៀងៗខ្លួន។

ព្រះអង្គក៏បានអំពាវនាវដល់សហគមន៍ជាតិ អន្តរជាតិ និងសប្បុរសជននានា មេត្តាបន្តចូលរួម ជួយឧបត្ថម្ភគាំទ្រ លើកស្ទួយសិល្បៈ និងវប្បធម៌ជាតិនៃយើងឱ្យកាន់តែថ្កុំថ្កើងថែមទៀត និងសូម ជួយចូលរួមចំណែកទ្រទ្រង់ជីវភាព ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ សិល្បករ សិប្បករ តាមរយៈអំណោយសប្បុរសធម៌ ដើម្បីជួយលើកកម្ពស់ និងជំរុញការបន្តវេនសិល្បៈវប្បធម៌ឱ្យ កាន់តែទូលំទូលាយថែមទៀត ។
ព្រះរាជអំណោយដែលប្រទាន ដល់ក្រុមសិល្បករ និងសិប្បករ ប្រមាណ ៥០៥ នាក់ នេះ ក្នុងម្នាក់ៗទទួលបាន៖អង្ករ ០១ បាវ = ៥០ គ.ក្រ ឃីត០១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង ១)មី ០២ កេស ទឹកត្រី០១ យូរ = ១០ កំប៉ុង
-អាវយឺត មានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១
– អាវរងា មានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១
ថវិកាចំនួន ៥០០,០០០ ៛
– អាហារថ្ងៃត្រង់ (បាយសាច់មាន់ចៀន, ពងទាប្រៃ ០១, ទឹកបរិសុទ្ធ ០១ដប, ទឹកក្រូច ០១កំប៉ុង, និងផ្លែក្រូចហ្វិច ០១ផ្លែ)៕









អត្ថបទ៖ BTV NEWS
-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា