ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់គ្រួសារយោធិនធ្លាក់ឧទ្ធម្ភាគចក្រ
ភ្នំពេញ ៖ នៅទី៦ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន រួមជាមួយគ្រឿងឧបភោគបរិភោគរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មហ្វឹកហ្វឺនហោះហើរ ដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានមានប្រសាសន៍ថា «ការនាំយកអំណោយមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ដែលសម្តេចទាំងទ្វេ មានការសោកស្តាយ និងក្តុកក្តួលរំជួលចិត្តជាទីបំផុត ចាប់តាំងពីឧបទ្ទវហេតុខាងលើនេះកើតឡើង។ មកទល់ពេលនេះ សម្តេចទាំងទ្វេ នៅតែមានក្តីបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារយុទ្ធជនពលីទាំង២រូប ជាពិសេសគឺ ភរិយា និងកូនៗនៅតូច ដែលនៅមានអនាគតវែងឆ្ងាយ។ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ បានសម្រេចផ្តល់ការឧបត្ថម្ភគ្រឿងបរិភោគ និងថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យមានស្មារតីរឹងប៉ឹង ខិតខំតស៊ូ ជម្នះការលំបាកដើម្បីជីវភាពរស់នៅតទៅថ្ងៃមុខ និងដើម្បីអនាគតភ្លឺស្វាងរបស់កូនៗ។

លោកស្រី ខាន់ ចាន់ឆុល ភរិយាវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកស្រី ឆែម កល្យាណ ភរិយាអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ព្រមទាំងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាជន និងសូមបួងសួងសូមឱ្យ សម្តេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តនៅជាម្លប់ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងដរាប។
សូមបញ្ជាក់ថា ក្រោយពេលស្វាមីបានពលីជីវិត ភរិយាត្រូវទទួលបន្ទុករែកពន់ជីវភាពគ្រួសារ ជាពិសេសសុទ្ធតែមានកូននៅតូចៗ ដែលនៅមានអនាគតវែងឆ្ងាយ។ ទោះជាយ៉ាងនេះក្តី ពួកគាត់នៅតែមានក្តីសង្ឃឹម ព្រោះទទួលបានភាពកក់ក្តៅ ជាពិសេសគឺការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់រឹងមាំ បន្តជ្រោងជីវភាពគ្រួសារ និងដើម្បីកូនៗមានអនាគតភ្លឺស្វាង៕










អត្ថបទៈ សំ ងីម
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍