ព័ត៌មាន
NEA បន្តសហការជាមួយសាកលវិទ្យាល័យនានាផ្សព្វផ្សាយព័ត៌មានការងារដល់សិស្ស-និស្សិត
គិតមកទល់ពេលនេះមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយកឱកាសការងារឲ្យខិតជិតដល់យុវជន សិស្ស និស្សិត បំណងបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។

ជួបសម្ភាសន៍ រវាងព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៧ ខែសីហានេះ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការផ្សព្វផ្សាយរហូតមកដល់ពេលនេះ ឃើញមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកកំពុងស្វែងរកការងារល្អធ្វើ។ លើសពីនេះទៀត ក៏ទទួលបានការសាកសួរព័ត៌មានអំពីឱកាសការងារក្នុងវិស័យផ្សេងៗជាច្រើនផងដែរ។

លោកឲ្យដឹងទៀតថា ក្រៅពីការងារចុះផ្សព្វផ្សាយខាងលើនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏នឹងបន្តរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។

លោក ស សត្យា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវេស្ទើនទទួលស្គាល់ថា ការងារផ្សព្វផ្សាយរបស់ NEA ពិតជាមានសារៈសំខាន់ណាស់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់សិស្ស និស្សិត ព្រោះថា ការសិក្សា ពិតផ្សារភ្ជាប់ជាមួយឱកាសការងារ។ លោកបន្ថែមថា ការចុះផ្សព្វផ្សាយតាមសាកលវិទ្យាល័យរបស់ NEA នេះទៀតសោត ក៏នឹងផ្តល់នូវមូលដ្ឋានមួយទៀតដល់និស្សិត ក្នុងការពិចារណា ក្នុងការចាប់យកជំនាញ និងអាជីពក្រោយបញ្ចប់ថ្នាក់សិក្សារបស់ពួកគេទៅថ្ងៃអនាគតខាងមុខ។

យោងតាមកាលវិភាគរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ រួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យមេគង្គកម្ពុជា (CMU) ,សាកលវិទ្យាល័យវេស្ទើន (WU) , សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) , វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (NIA) និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (UEF)។
ដោយឡែក នៅថ្ងៃទី៨ ខែសីហាស្អែកនេះ NEA នឹងបន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបន្ថែមទៀត ដែលរួមមាន៖ សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ (RUFA) , សាកលវិទ្យាល័យអន្តរជាតិ ( IU) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា(PUC)៕






អត្ថបទដោយ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ