ព័ត៌មាន
កម្ពុជា ជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពី «កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤»
ភ្នំពេញ៖ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទស្ដីពី “កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ។

សន្និសីទនេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាងឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា តំណាងប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងវិស័យឯកជន សរុបប្រមាណជិត ២០០នាក់។ សន្និសីទនេះ មានគោលគំនិតសំខាន់ស្វែងរកវិធីសាស្រ្តដើម្បីឱ្យក្របខណ្ឌកិច្ចការពារអ្នកប្រើប្រាស់អាចជំរុញនូវរបកគំហើញថ្មី ខណៈពេលដែលផលប្រយោជន៍អ្នកប្រើប្រាស់ត្រូវបានការពារ នៅក្នុងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងដែលកំពុងវិវត្ត។
លោកជំទាវ ចម និម្មល ក្នុងពិធីបើកកម្មវិធី បានមានប្រសាសន៍ថា សន្និសីទលើកទី៤នេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ ក្នុងការបំផុសឡើងនូវគំនិតច្នៃប្រឌិតថ្មី ការរក្សានិរន្តរភាព និងការផ្ដល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ស្របពេលដែលមានការវិវត្តន៍នៃយុគសម័យឌីជីថល និងសេដ្ឋកិច្ចបៃតង។ លោកជំទាវ បានបន្តថា ការវិវត្តនៃពិភពលោកឆ្ពោះទៅរកយុគសម័យឌីជីថល បានជះឥទ្ធិពល និងផ្លាស់ប្ដូររបៀបនៃការរស់នៅ ជាពិសេសក្នុងការទិញទំនិញការប្រាស្រ័យទាក់ទង និងការផ្ទេរប្រាក់ជាដើម។

លោកជំទាវរដ្ឋមន្រ្តី បានជំរាបជូនអង្គប្រជុំទៀតថា ក្នុងនាមជាអ្នកប្រើប្រាស់ ត្រូវបន្សាំ និងសម្របខ្លួនទៅតាមបរិបទថ្មី។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ និងបន្តការប្រឹងប្រែងក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសការវិវត្តនៃបច្ចេកវិទ្យាឌីជីថល សម្រាប់ប្រព័ន្ធសេដ្ឋកិច្ច និងសង្គមទាំងមូលដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងការផ្លាស់ប្តូរបរិបទនៃការរស់នៅនាសម័យកាលឌីជីថលនេះ។
លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទនេះ កម្ពុជាសូមស្វាគមន៍នូវការចូលរួមចែករំលែក ផ្លាស់ប្ដូរគោលគំនិត ចំណេះដឹង បទពិសោធន៍ និងជំនាញទៅវិញទៅមកជូនដល់អ្នកចូលរួមនិងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យមានការអភិវឌ្ឍប្រកប ដោយវឌ្ឍនភាពរួមគ្នា បង្កើតនូវគំនិតថ្មីៗ និងកែលម្អសម្រាប់ជំរុញកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សូមជម្រាបជូនថា សន្និសីទខាងលើនេះ បានធ្វើការប្រមូលផ្តុំនូវភាគីពាក់ព័ន្ធ រួមមាន និយ័តករ និងធុរជន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តដែលធ្វើឱ្យបទប្បញ្ញត្តិពាក់ព័ន្ធមានលក្ខណៈសមស្រប ក្នុងការជំរុញនូវវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា និងបរិស្ថាន ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។ កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចឌីជីថល ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព៕





-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”