ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោបើកការហោះហើរសាកល្បងជាលើកដំបូង
បន្ទាប់ពីសាងសង់រួចរាល់នូវដំណាក់កាលទីមួយ អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកប្រតិបត្តិការហោះហើរសាកល្បងជាលើកដំបូង ត្រួតពិនិត្យប្រព័ន្ធហោះហើរ ដើម្បីធានាថាឧបករណ៍ទាំងអស់នេះធ្វើការដោយសុវត្ថិភាព មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យនូវប្រតិបត្តិការការហោះហើរសាកល្បង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា ពង្ស ឈីវសែ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមការងារបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។

ប្រតិបត្តិការហោះហើរសាកល្បងជាលើកដំបូងនេះ បានប្រើប្រាស់យន្តហោះខ្នាតតូច ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរ ដោយផ្តោតលើប្រព័ន្ធស្ទង់មើលទិសទី និងគមនាគមន៍ នៅមុនថ្ងៃដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនាដើមឆ្នាំ២០២៥ខាងមុខ។

តាមការឱ្យដឹងពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ។ ការហោះហើរសាកល្បងនេះ នឹងត្រូវធ្វើឡើងចំនួន២ដង៖ លើកទី១ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨-១២ ខែកញ្ញា ឆ្នាំ២០២៤ និងលើកទី២ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២៤។

អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ 4F និងជាអាកាសយានដ្ឋានដ៏ធំលំដាប់ថ្នាក់ទី៩ នៅលើពិភពលោក ដែលសាងសង់លើផ្ទៃដី ២៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បច្ចុប្បន្នមានបុគ្គលិក និងកម្មករប្រមាណ១៧០០ នាក់កំពុងធ្វើការនៅក្នុងគម្រោងនេះ។ មកដល់ពលនេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ សម្រេចបាន ៨៤% នៃថវិកាចំនួន ១,២ពាន់លានដុល្លារ នៃថវិកាសរុប ១,៥ពាន់លានដុល្លារដែលត្រូវចំណាយ។
គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០លាននាក់ក្នុងមួយឆ្នាំ។

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍នៅទូទាំងប្រទេស និយាយជារួម។ បន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុភានាថ

-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន7 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់