កីឡា
មន្ដ្រីជំនាញ សង្ឃឹមកីឡាទេសចរណ៍ ជួយលើកតម្កើង និងទាក់ទាញភ្ញៀវកាន់តែច្រើន ទៅលេងប្រាសាទសំបូរព្រៃគុក
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ សង្ឃឹមព្រឹត្តិការណ៍កីឡាទេសចរណ៍ នឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការលើកតម្កើង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តកាន់តែច្រើននៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក នៃតំបន់ប្រាសាទសំបូរព្រៃគុក។

ការបង្ហាញសុទិដ្ឋិនិយមនេះ ក្រោយឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ហាន កុសល អភិបាលខេត្តកំពង់ធំ បានជួបប្រជុំសម្រេចលើកម្មវិធីលម្អិត ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គពីទីរួមខេត្ត ទៅតំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៥ ខែកក្កដាខាងមុខ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរជំនាញ លោក សេង អាន បានសម្ដែងក្ដីរីករាយ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើតព្រឹត្តិការណ៍ជាបន្ដបន្ទាប់ ពិសេសក្រោយប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិកាន់តែច្រើនឡើងៗ ជាក់ស្ដែងព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី ដែលគ្រោងនឹងរៀបចំនាថ្ងៃទី៥ ខែកក្កដាខាងមុខ លោកសង្ឃឹមថា នឹងជំរុញកំណើនទេសចរណ៍កាន់តែច្រើន ដើម្បីលើកតម្កើនប្រាង្គប្រាសាទបុរាណខ្មែរផង និងជួយដល់សហគមន៍តំបន់ប្រាសាទសំបូរព្រៃគុកផង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គពីទីរួមខេត្ត ទៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលក្រសួងទេសចរណ៍ បានផ្ដួចផ្ដើមគំនិតរៀបចំ ដោយសហការជាមួយរដ្ឋបាលខេត្ត និងក្លិបកីឡារត់ដើម្បីសុខភាព KKRC នាដើមខែកក្កដាខាងមុខ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ។ ចំពោះកម្មវិធីកីឡានីមួយៗ រួមមានកីឡាជិះកង់ គ្រោងនឹងចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រ និងគ្រោងមានអ្នកចូលរួម ១ពាន់នាក់។
ចំណែកម្មវិធីរត់ឆ្លងកាត់ឧបសគ្គវិញ មានចំនួន ៣ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ ចេញដំណើរពីគល់ស្ពានស្ទឹងសែន ទៅបញ្ចប់នៅប្រាសាទសំបូរព្រៃគុក គ្រាដែលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ នឹងត្រូវរៀបចំនៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់។ ចំពោះការចុះឈ្មោះ ក្រសួងទេសចរណ៍ នឹងធ្វើការជូនដំណឹងនាពេលឆាប់ៗខាងមុខ៕ អត្ថបទ លី ឈុនឡា




-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា