កីឡា
លោក Conor ជាអ្នកបុកគ្រឹះ ខណៈ ធារី ជាអ្នកសាងសង់ ដើម្បីជំរុញភាពខ្លាំង ISI ត្រៀមរដូវកាលថ្មី
ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានតែងតាំងលោក Conor Nestor អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងបឹងកេត ជាគ្រូបង្គោលថ្មី ព្រមទាំងបាននាំចូលកីឡាករ ធារី ចន្ថាប៊ីន ជាប្រធានក្រុមថ្មី ដើម្បីពង្រឹងស្មារតី និងរៀបចំយុទ្ធសាស្ត្រចាក់គ្រឹះដ៏រឹងមាំសម្រាប់ត្រៀមប្រកួតក្នុងរដូវកាលថ្មី។

ពិធីបង្ហាញសមាសភាពបុគ្គលសំខាន់ទាំង ២រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយប្រធានក្លិបលោក កាំង សេន បានចាត់ទុកលោក Conor គឺជាអ្នកបុកគ្រឹះ និង ធារី ជាអ្នករួមចំណែកសាងសង់ក្លិបឲ្យបានរឹងមាំ ដើម្បីរើបម្រាសចេញពីតំបន់បាតតារាង នារដូវកាលក្រោយ។

ថ្លែងក្នុងសន្និសីទដដែល លោក កាំង សេន ថា ឆ្នាំនេះ ពិតជាស័ក្ដិសមបំផុត ក្នុងការចាប់ផ្ដើមកសាងចាក់គ្រឹះឲ្យពិប្រាកដ ក្រោយស្គាល់រាក់ជ្រៅ បន្ទាប់ពីឡើងមកលេងលីគកំពូល ៣រដូវកាល។ ការណ៍នេះ ទើបលោកសម្រេចនាំចូលលោក Conor និង ធារី ដើម្បីរួមគ្នាបុកគ្រឹះ និងសាងសង់ក្លិបឲ្យបានខ្លាំង ។ មិនតែប៉ុណ្ណោះ លោកក៏បង្ហើបត្រៀមនាំកីឡាករមានបទពិសោធន៍ និងជាគំរូ ទាំងក្នុង និងក្រៅទីលាន ផ្សេងទៀត មកជួយក្រុមទៀតផង។

ជាមួយគ្នាលោក Conor Nestor បានសម្ដែងក្ដីរីករាយ ដែលបានត្រឡប់មកកាន់ក្លិប ដែលលោកចាត់ទុកជាផ្ទះរបស់ខ្លួន ដ្បិតលោកធ្លាប់រួមចំណែកជួយ ISI តាំងពីនៅជាក្លិបពាក់កណ្ដាលអាជីព ។ ចំពោះមុខ ក្នុងការដឹកនាំក្រុមដំរីជ័យ លោកមិនសន្យាអ្វីនោះទេ តែលោកប្ដេជ្ញានឹងសាងសង់ក្លិប និងសហគមន៍ដ៏អស្ចារ្យមួយ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ដោយឡែកកីឡាករ ធារី ចន្ថាប៊ីន ក្នុងវ័យ ៣៥ឆ្នាំរូបគេ បានអរគុណថ្នាក់ដឹកនាំក្លិប ISI សម្រាប់ការផ្ដល់ឱកាស និងផ្ដល់ទំនុកចិត្តដល់ខ្លួន ក្នុងការចូលរួមជាមួយក្លិប ហើយ ធារី ក៏បានតាំងចិត្តនឹងប្រើប្រាស់នូវបទពិសោធន៍ ក៏ដូចជាអ្វីដែលខ្លួនមាន ដើម្បីជួយក្លិបប្រកួតប្រជែង និងសម្រេចឲ្យបាននូវសមិទ្ធផលល្អប្រសើរ នារដូវកាលថ្មីខាងមុខផងដែរ។
គួរដឹងថា ការបង្ហាញគ្រូបង្គោល និងប្រធានក្រុមថ្មីនេះ ធ្វើឡើងក្រោយ ISI ដង្កោសែនជ័យ បានធ្វើការរុះរើគ្រូ និងកីឡាករដ៏ធំកាលពីថ្មីៗ ក្នុងនោះក្រៅពីចែកផ្លូវជាមួយគ្រូបង្គោលលោក ទុំ សារ៉ាយ ក្លិបបានចែកផ្លូវជាមួយកីឡាកររហូតដល់ ១៥នាក់ ។ ប៉ុន្ដែបើតាមលោក កាំង សេន ក្រៅពីកីឡាករ ធារី ចន្ថាប៊ីន ក្លិបក៏នឹងបន្ដនាំចូលកីឡាករថ្មីៗ និងមានបទពិសោធន៍ផ្សេងទៀត មកជួយក្រុមផងដែរ។
ក្រឡេកទៅចាប់អារម្មណ៍លោក Conor ធ្លាប់ដឹកនាំព្រះខ័នរាជស្វាយរៀង ៥រដូវកាល នៅចន្លោះឆ្នាំ២០១៨-២០២៣ មុនចាកចេញទៅបន្ដអាជីពនៅឥណ្ឌា និងម៉ាឡេស៊ី ហើយត្រឡប់មកដឹកនាំក្លិបបឹងកេត នៅកម្ពុជាវិញ នៅចន្លោះឆ្នាំ២០២៤-២០២៦ មុនបឹងកេត ប្រកាសចែកផ្លូវកាលពីថ្មីៗ។ ដូច្នេះ ISI គឺជាក្លិបទី៣ ដែលលោកដឹកនាំនៅកម្ពុជា។
ចំណែកកីឡាករ ធារី ចន្ថាប៊ីន ជាកីឡាករមានបទពិសោធន៍ជោគជ័យ ទាំងនៅកម្ពុជា និងបណ្ដាក្លិបក្នុងតំបន់មួយចំនួន ហើយ ISI គឺជាក្លិបទី៦ ដែលខ្សែបម្រើការពារខ្មែរបារាំងរូបនេះ ត្រូវប្រកបអាជីព បន្ទាប់ពីធ្លាប់លេងឲ្យភ្នំពេញក្រោន, អគ្គិសនីកម្ពុជា, វិសាខា, ព្រះខ័នរាជស្វាយរៀង និងឡាយហ្វខេត្តព្រះសីហនុ៕ អត្ថបទ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ