Connect with us

កីឡា

ភ្នំពេញក្រោន ទទួលបានកៅអីវគ្គចែកពូលពានលំដាប់ទី២ ទ្វីបអាស៊ី ដោយស្វ័យប្រវត្តិ

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលសិទ្ធលេងនៅវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ដោយមិនចាំបាច់លេងវគ្គជម្រុះ(Play-Off) ឡើយ ដែលនាំឲ្យកម្ពុជា មាន ២ក្លិបត្រូវលេងវគ្គចែកពូល ដោយស្វ័យប្រវត្តិ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកលីគកំពូលកម្ពុជា។

យោងតាមការសម្រេចចុងក្រោយរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ក្រោយពិនិត្យឃើញក្លិបតំណាងកម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមបទបញ្ញាត្តិការប្រកួតពាក់ព័ន្ធ ភ្នំពេញក្រោន ក៏ត្រូវបានសម្រេចផ្ដល់សិទ្ធឲ្យលេងវគ្គចែកពូលដោយផ្ទាល់ មិនចាំបាច់លេងវគ្គ Play-Off ដូចអ្វីដែល AFC ធ្លាប់បានជូនដំណឹងមកកាន់កម្ពុជា កាលពីចុងខែមេសា ឆ្នាំ២០២៦ ឡើយ។

ជាការពិតបន្ទាប់ពីកម្ពុជា ទទួលបានសិទ្ធឡើងលេងពានលំដាប់ទី២ ទ្វីបអាស៊ី កាលពីចុងខែមេសា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានជូនដំណឹង អំពីការកំណត់កូតាក្លិបតំណាងកម្ពុជាចំនួន ២ នឹងត្រូវចូលរួមប្រកួតពាននេះ ដោយ ១ក្លិបត្រូវលែងវគ្គចែកពូល (Group Stage) ដែលបានទៅក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និង ១ក្លិបទៀត ត្រូវលេងវគ្គ Play-Off បានទៅក្លិបភ្នំពេញក្រោន ក្នុងនាមក្រុមជើងឯករងលីគកំពូលកម្ពុជា។

ប៉ុន្ដែយោងតាមការប្រកាសរបស់ AFC ក្នុងសប្ដាហ៍នេះ ភ្នំពេញក្រោន ក៏ត្រូវលេងវគ្គចែកពូល ដូចព្រះខ័នរាជស្វាយរៀង ដែរ។ ការទទួលបានកៅអីដោយស្វ័យប្រវត្តិនេះ គឺជាដំណើរវិវត្តថ្មីមួយទៀត សម្រាប់វិស័យបាល់ទាត់កម្ពុជា ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលក្លិបបាល់ទាត់អាជីពរបស់កម្ពុជាទាំងពីរ មានឱកាសបង្ហាញខ្លួនផ្ទាល់ក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ដោយមិនបាច់ហត់នឿយឆ្លងកាត់វគ្គជម្រុះ។

សម្រាប់ការចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ AFC Champions League Two 2026/27 គ្រោងនឹងធ្វើឡើងនាខែសីហាខាងមុខ មុនចាប់ផ្ដើមការប្រកួតវគ្គចែកពូល ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia