Connect with us

ព័ត៌មាន

អាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យលំនៅដ្ឋាន និងផ្ទៃដីកសិកម្មរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ក្រចេះ៖ នាព្រឹកថ្ងៃថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងក្រុមការងារ ចុះពិនិត្យវាយតម្លៃជាក់ស្ដែង ផលប៉ះពាល់ខ្នងផ្ទះ និងផ្ទៃដីកសិកម្ម ដល់មូលដ្ឋាន ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី និងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ នាព្រឹកនោះដែរឯកឧត្តម វ៉ា ថន មានប្រសាសន៍ឲ្យដឹងថា ​ក្រុមការងារនឹងវាយតម្លៃបូកសរុប ​ដើម្បីស្នើសុំស្រូវពូជចែក ជូនបងប្អូន​ប្រជាពលរដ្ឋ ដែលមានលទ្ធភាពស្ដារឡើងវិញ បានឲ្យទាន់ពេលវេលាន ទោះបីជាស្ថិត​ក្នុងពេលកាន់បិណ្ឌភ្ជុំបិណ្ឌក៏ដោយ ។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅថ្ងៃទី២១ ខែកញ្ញានេះ ស្ថានភាពកម្ពស់​ទឹកទន្លេ មេគង្គក្រចេះ ជិត ២១ម៉ែត្រ ពោលគឺ ២០.៨៥ម៉ែត្រ ខណៈដែល ប្រកាសអាសន្ននៅកម្រិត​កម្ពស់ទឹក ២២ម៉ែត្រ ប៉ុន្តែបើមើលតាមស្ថានភាពទឹកក្នុងទន្លេជាក់ស្ដែង គឺមិនទាន់ទឹកធំទេ អ្វីដែលធ្ងន់ធ្ងរនោះ គឺមេឃបន្តមាន ភ្លៀងធ្លាក់ជ្រុំ ៤ ទៅ ៥ ថ្ងៃហើយ ។ ធ្វើឲ្យលិចនៅផ្ទៃ បឹង ស្រែ ដែលនៅជុំវិញដងទន្លេមេគង្គ ​និងវាលទំនាបមួយចំនួន តំបន់ខ្លះលិចអស់ ៤ថ្ងៃ និងខ្លះទៀត ៥ថ្ងៃក៏មានដែរ ។ ចឹងបើទឹកបន្តហក់ឡើងទៀត ទឹកដែលមានក្នុង បឹង ស្រែ ស្រាប់នោះ នឹងកើនឡើងកាន់តែខ្លាំង​ ព្រោះទឹកភ្លៀងកាន់តែ កើនឡើង ចឹងហានិភ័យច្បាស់ជាមាន ។

ដោយឡែកប្រជាជននៅមិនទាន់មានហានិភ័យធំទេ ដោយសារ ទី ១ ខេត្តបាន កសាងផ្លូវតាម​គ្រោងរបស់រាជរដ្ឋាភិបាល ពោលគឺ ផ្លូវសង់ខ្ពស់ពីទឹក ​នៅតំបន់ទឹកលិច ។ ម្យ៉ាងវិញទៀត គិតមកដល់ពេលនេះ ការជម្លៀសមនុស្ស សត្វ មានចំនួនតិចតួចនៅឡើយ ។

គូសបញ្ជាក់ផងដែរថា ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេ មេគង្គខេត្តក្រចេះ គិតចាប់ពី​ថ្ងៃទី១៦ ដល់ ២០ ខែកញ្ញា ឆ្នាំ២០២៤ របាយការណ៍ទាញចេញប្រព័ន្ធ ព្រីស៊ឹម ស្ថានភាព អាកាសធាតុ និងកម្ពស់ទឹក ២០.៨៥ម៉ែត្រ ទឹកហូរ​ចូលគ្រប់ព្រែក ចំនួន ២៨ ព្រែក និងបានបង្កផល ប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន ៣៥ឃុំ/សង្កាត់ ស្មើនឹង ១៦៥ភូមិ ក្នុង ក្រុង/ស្រុក ចំនួន ៦ រួមមាន ស្រុកឆ្លូង ​ស្រុកព្រែកប្រសព្វ ​ស្រុកចិត្របុរី ​ស្រុកសំបូរ​ ស្រុកអូរគ្រៀងសែនជ័យ និងក្រុងក្រចេះ ។ ប៉ះពាល់វិស័យមួយចំនួន ដូចជា វិស័យសង្គមកិច្ច ៖ ​ប្រជាពលរដ្ឋប៉ះពាល់ សរុបចំនួន ៨.៣២៤ គ្រួសារ ស្មើនឹង ៣២.៧៥៦នាក់ ស្រី ចំនួន ១៦.០២៦នាក់ ។ ​ជម្លៀសប្រជាពលរដ្ឋ ចំនួន ៥៩ គ្រួសារ ស្មើនឹង ២៥៤នាក់ ស្រី ១២៩នាក់ ។​ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២.២០៦ខ្នង សាលារៀន ចំនួន ២០កន្លែង មណ្ឌលសុខភាព ចំនួន ២កន្លែង វត្តអារាម ចំនួន ១៣កន្លែង អណ្តូងស្នប់ ២៨កន្លែង និងបង្គន់អនាម័យ ៨៩ និងអគារដ្ឋបាលឃុំ ចំនួន ១កន្លែង។ វិស័យកសិកម្ម៖ ប៉ះពាល់លិចស្រូវសន្ទូង/ពង្រោះ សរុបចំនួន ៤.៩២២ ហ.ត ប៉ះពាល់លិចដំណាំចម្ការ/ដំណាំរួមផ្សំ (ដំឡូងមី ពោត ល្ង) សរុបចំនួន ៤៣៨ ហ.ត ជម្លៀសគោ/ក្របី សរុបចំនួន ២.៧៧៦ ក្បាល ទៅកាន់ទីទួលខ្ពស់ៗនៅក្បែរភូមិដ្ឋាន។ វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ លិចផ្លូវលំ សរុបប្រវែង ១១១.៨៥២ម៉ែត្រ ផ្លូវកៅស៊ូ ៤០០ម៉ែត្រ ផ្លូវបេតុង ៣៣០ម៉ែត្រ ស្ពានឈើ ៩កន្លែង និងលូកាត់ផ្លូវ ៤៤កន្លែង។

ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ បានដាក់​ចេញនូវទិសដៅការងារបន្ត ត្រូវប្រចាំការត្រៀមធនធានសម្ភារ និង​កម្លាំង​អន្តរាគមន៍ ដើម្បីត្រៀម​អនុវត្តផែនការឆ្លើយតបសង្គ្រោះបន្ទាន់គ្រប់ពេលវេលា ៕ ដោយ សេង ម័រ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia