Connect with us

ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បូរី ហោ ហោណាំហុង នៅគេហដ្ឋានរបស់ សម្តេចឥស្សរវិទេសបញ្ញា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹកជាទីបំផុតផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មហិទ្ធិឫទ្ធិ បុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសូមសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង ព្រមទាំងក្រុមគ្រួសារពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះសារផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងតែងតែយកចិត្តទុកដាក់ចំពោះសម្តេចនិងក្រុមគ្រួសារជាប់ជាប្រចាំ។

សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង បានគោរពផ្តាំផ្ញើការសាកសួរសុខទុក្ខ និងគោរពថ្លែងអំណរគុណខ្ពង់ខ្ពស់បំផុត ជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគោរពជូនពរសម្តេច និងលោកជំទាវបណ្ឌិត សូមសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia