Connect with us

ព័ត៌មាន

កម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានព្រំដែនរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា

កម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដោយយោធាថៃបានបន្តរាយបន្លាលួសនៅពីរទីតាំងដាច់ដោយឡែកពីគ្នានៅតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ខេត្តឧត្តរមានជ័យ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ ក្រសួងការបរទេសបានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ កងកម្លាំងប្រដាប់អាវុធសៀម បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នា នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្រសួងការបរទេសបានចាត់ទុកថា សកម្មភាពទាំងនេះវាបានផ្ទុយនឹងវិធាន ការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅហើយក៏បានរំលោភបំពានលើ មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក(២០០០)ផងដែរ។

តាមរយៈលិខិតតវ៉ានេះ ក្រសួងការបរទេសកម្ពុជាបានស្នើឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាពទាំងនេះ មិនត្រឹមតែនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែថែមទាំងនៅទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមកផងដែរ។ ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការបន្ថយភាពតានតឹងគឺជាកត្តាចាំបាច់ ដើម្បីជំរុញការជឿ ទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី និងយូរអង្វែង នៃជម្លោះ ព្រំដែន ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។

កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយភាគីថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia