ព័ត៌មាន
NEA បើកយុទ្ធនាការចុះផ្សព្វផ្សាយពិព័រណ៍ការងារ ដើម្បីកៀរគរសាធារណជនចូលរួមឱ្យបានច្រើនកុះករ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការចុះ តាមសាកលវិទ្យាល័យ ភ្លើងស្តុប និងទីសាធារណៈនានា ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែតុលាខាងមុខនេះ។

កំពុងចុះផ្សព្វផ្សាយនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ការចុះផ្សព្វផ្សាយនេះ ក្រុមការងារមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញទាំងអស់ នឹងមានការចែកជាខិតប័ណ្ណ ការបិទ និងការចងបដា (Banner) ជាដើម ដើម្បីជូនព័ត៌មានឲ្យកាន់តែខិតជិតជូនដល់អាណាព្យាបាល សិស្សនិស្សិត យុវជន ជាពិសេសអ្នកកំពុងស្វែងរកការងារធ្វើ ទៅចូលរួមឲ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ខាងមុខនេះ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ខណៈមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបចំនួនជាង ៣ម៉ឺនកន្លែង។

ទាក់ទិនកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិនេះដែរ ក្រុមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបានអះអាងថា នឹងនាំគ្នាទៅចូលរួមដើម្បីទស្សនា ក៏ដូចជាស្វែងយល់ឱកាសការងារដោយផ្ទាល់តែម្តង ដោយសារព្រឹត្តិការណ៍នេះ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែង និងគ្រប់វិស័យ ពីបណ្តាក្រុមហ៊ុននានា។ ក្រុមនិស្សិតទាំងនេះ បានអំពាវនាវដល់យុវជនទាំងអស់ ពិសេសអ្នកស្វែងរកការងារ ដែលមានបំណងចង់ដាក់ពាក្យបំពេញការងារ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងកម្មវិធីតែម្តង។

សូមបញ្ជាក់ថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” ក្រៅពីការរៀបចំដោយផ្ទាល់ ក៏នឹងមានរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ក្នុងគោលបំណង ដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ ក៏ដូចជា បង្កើតឱ្យមានវេទិកាការងារជួបជុំគ្នានៅមួយកន្លែង ដោយងាយស្រួល រវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត