Connect with us

ព័ត៌មាន

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរកបញ្ហាប្រឈមរបស់រដ្ឋបាលខណ្ឌមួយចំនួនក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការចែករំលែក និងពិភាក្សារកដំណោះស្រាយប់អនុវត្តបន្ត។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមលោក លោកស្រីអភិបាលរង ឧត្តមសេនីយ៍ឯក ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ និងលោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។ បន្ទាប់ពីស្តាប់បាយការណ៍វឌ្ឍនភាពនៃការងារបង្រ្កាបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលរាយការណ៍ដោយលោកស្នងការរងរួច ក៏មានការចូលរួមជាមតិយោបល់ និងការលើកឡើងពីបញ្ហាប្រឈមរបស់រដ្ឋបាលខណ្ឌមួយចំនួនក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការចែករំលែក និងពិភាក្សារកដំណោះស្រាយសមស្របសម្រាប់អនុវត្តបន្តទៀត។

លោកស្រីអ្នកនាំពាក្យបន្តថា ដើម្បីជាធាតុចូល និងការបង្កើនប្រសិទ្ធិភាពនៃការបង្រ្កាបបទល្មើសនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ស្នងការដ្ឋាននគរបាលរាជធានី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការជំនាញរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត ជាពិសេសត្រូវជំរុញឱ្យមានការចូលរួមសហការពីម្ចាស់ទីតាំងសណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ផ្ទះជួលជាដើម ធ្វើយ៉ាងណាឱ្យការអនុវត្តអនុក្រឹត្យលេខ ០៣ កាន់តែមានប្រសិទ្ធិភាព រហូតឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា។ ជាមួយគ្នានេះរដ្ឋបាលខណ្ឌទាំងអស់ត្រូវជំរុញចលនាចូលរួមរបស់ប្រជាពលរដ្ឋទូទៅ ធ្វើយ៉ាងណាលើកទឹកចិត្តដល់ពលរដ្ឋឱ្យផ្តល់ព័ត៌មាន ក្នុងករណីប្រទះឃើញករណីសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្បែរ ឬក្នុងមូលដ្ឋានរបស់គាត់ ត្រូវរាយការណ៍ឱ្យអាជ្ញាធរដឹងដើម្បីចាត់វិធានការបង្រ្កាប។

ឯកឧត្តមអភិបាលបានបន្តទៀតថា ជាមួយនឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរ កងកម្លាំង ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ យើងសង្ឃឹមយ៉ាងមុតមាំថាបោកសម្អាតករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នឹងអាចធ្វើទៅបានកាន់តែមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទ ៖ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia