ព័ត៌មាន
កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកើនឡើងចំពោះសុខុមាលភាពរបស់មនុស្ស និងភពផែនដីដែលមានសុខភាពល្អ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានថ្លែងថា សកម្មភាពរបស់មនុស្សកំពុងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ រួមទាំងរលកកំដៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើនៅកម្រិតសកល គឺអនុវត្តវិធានការកាត់បន្ថយ និងបន្ស៊ាំ កសាងភាពធន់របស់សហគមន៍ងាយរងគ្រោះប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តហិរញ្ញវត្ថុអាកាសធាតុចំនួន១០០ ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍ។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបជាង៣០០នាក់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត មានប្រសាសន៍បន្តថា ការជួបជុំរបស់យើងនៅថ្ងៃនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដ៏រឹងមាំរវាងក្រសួង វិស័យសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ពិសេសរបស់កម្ពុជា ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានធ្វើការងារជាច្រើន ក្នុងការកំណត់គោលនយោបាយប្រែប្រួលអាកាសធាតុ និងទទួលស្គាល់ពីភាពបន្ទាន់នៃការចាត់វិធានការអាកាសធាតុ។ ជាក់ស្តែងនៅក្នុងសន្និសីទកំពូលក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) កម្ពុជាបានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួន៥មានជាដូចជា៖ ១. សម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរស្បៀងអាហារ, ២. សេចក្តីប្រកាសស្តីពីអាកាសធាតុ និងសុខភាព, ៣. សេចក្តីប្រកាសស្តីពីការសង្គ្រោះអាកាសធាតុ ការស្តារឡើងវិញ និងសន្តិភាព, ៤. សេចក្តីប្រកាសស្តីពីកសិកម្ម ស្បៀងអាហារ និងអាកាសធាតុ, និង៥. ការសន្យាត្រជាក់សកល។ ជាមួយគ្នានេះ កម្ពុជាក៏បានដាក់ជំហរប្រទេសទៅកាន់ COP28 ដែលបញ្ជាក់ពីគោលដៅមហិច្ឆតាទាំង៧របស់ខ្លួន ដើម្បីសម្រេចបានទាំងវិធានការកាត់បន្ថយ និងយុទ្ធសាស្រ្តបន្ស៊ាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
សូបបញ្ជាក់ដែរថា កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤(CCCS24) ដែលបានរៀបចំឡើងនៅខេត្តព្រះសីហនុ មានគោលបំណង ពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន នៅចំពេលដែលកម្ពុជា និងពិភពលោកទាំងមូល កំពុងត្រៀមរៀបចំសន្និសីទកំពូលក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩(COP29) នៅទីក្រុងបាគូ ប្រទេសអាហ្សែបៃសង់៕












-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត