ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ដើម្បីអនាគតរុងរឿងរបស់កូនចៅយើង»
«រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសយើងប្រែមុខមាត់ថ្មីទាំងស្រុងមិនធ្លាប់មានពីមុន និងកំពុងដាក់ទិសដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនាគតរុងរឿងរបស់ប្រទេសយើង និងកូនចៅយើង»។ នេះជាប្រសាសន៍របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិ» នៅសាលាភូមិន្ទរដ្ឋបាល (ERA) នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិារប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ សាស្ត្រាចារ្យ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៤ ដោយផ្ទាល់ចំនួន ២៥៤ អង្គ/នាក់ និងតាមរយៈប្រព័ន្ធអនឡាញចំនួន ១៣៦ អង្គ/នាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តគូសរំលេចថា ប្រទេសយើងឆ្លងកាត់អតីតកាលដ៏មហាជូរចត់ រន្ធត់តក់ស្លុត គ្រប់គ្រាន់ហើយ ដូច្នេះ យើងមិនចង់ឃើញកូនចៅយើង ដែលកើតក្រោយសម័យសង្គ្រាម ជួបរស់ជាតិជីវិតដូចពួកយើងឡើយ។ ឯកឧត្តមបន្តថា ដើម្បីបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល មានជម្រើសតែមួយគត់ គឺការដឹកនាំរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា និងដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ បើតាម ឯកឧត្តម ប៉ែន បូណា ការងារដ៏សំខាន់មួយរបស់យើងទាំងអស់គ្នា ពិសេសមន្ត្រីរាជការ គឺនាំគ្នាប្រយុទ្ធប្រឆាំង និងបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដែលមានចរិតបំផ្លិចបំផ្លាញ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ឱសថដ៏ស័ក្តិសិទ្ធិសម្រាប់បន្សាបព័ត៌មានមិនពិត ប្រឌិត ញុះញង់ទាំងនោះ គឺការបញ្ចេញព័ត៌មានពិត និងស្នាដៃទាំងឡាយដែលរាជរដ្ឋាភិបាលបានកសាងទុកជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ដោយមិនទុកឱកាសឱ្យព័ត៌មានមិនពិតទាំងនោះ ចូលមកបំពុលសង្គមបានឡើយ។ អាវុធយុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់យើង គឺការបង្ហាញពីគុណតម្លៃសន្តិភាព សមិទ្ធផល និងចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបជាប្រចាំ ក្នុងស្មារតីបុរេសកម្មដ៏រស់រវើក។ «សូមចងចាំថា ថ្នាក់ដឹកនាំរបស់យើងដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីបានលះបង់ធំធេងណាស់ ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអនាគតដ៏រុងរឿងរបស់យើង និងកូនចៅយើងទាំងអស់គ្នា»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។

បាឋកថានេះ ក៏មានឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាវាគ្មិនកិត្តិយសបកស្រាយលើប្រធានបទ ស្តីពី «ភូមិសាស្ត្រនយោបាយ» ផងដែរ។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលតំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល មានប្រសាសន៍ថា បាឋកថានេះ បានផ្តល់ឱកាសដ៏វិសេសមួយ ដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម ទទួលបាននូវពុទ្ធិ គតិបណ្ឌិត និងវិធីសាស្ត្រល្អៗ ដែលជាធាតុចូលក្នុងការគិតគូររៀបចំផែនការការងារ គោលនយោបាយ ការពង្រឹងប្រព័ន្ធអភិបាលកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិវត្តកម្មសាធារណៈជាដើម។ ឯកឧត្តម បន្តថា បាឋកថានេះ គឺជាសកម្មភាពបុរេសកម្មមួយក្នុងការងារគោលនយោបាយជាតិ ក៏ដូចជាប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ៕




-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត