ព័ត៌មាន
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងសមាជិក ១០០ នាក់នាំគ្នាបោះជំរំអប់រំផ្លូវចិត្ត
កំពត ៖ថ្នាក់ដឹកនាំ និងប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត យល់ឃើញថា ការបោះជំរំជាវិធីសាស្រ្តអប់រំផ្លូវចិត្តដ៏មានប្រសិទ្ធភាព ដើម្បីឈានទៅផ្លាស់ប្តូរជាវិជ្ជមានលើឥរិយាបថរស់នៅ ការសិក្សា សីលធម៌ និងការកំណត់គោលដៅជីវិតដ៏ត្រឹមត្រូវ។ ហេតុដូច្នេះហើយទើបសមាគម នាំសមាជិកាសកម្ម១០០នាក់ មកបោះជំរំ រយៈពេល ៤ថ្ងៃ ៣យប់ នៅចម្ការតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត។
លើកឡើងក្នុងពិធីបើកការបោះជំរំ របស់សមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមសម្រេចបានលទ្ធផលជាច្រើន ធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ថា សមាគមកាយឫទ្ធិនារីកម្ពុជាពិតជាបានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡើយ។
លោកជំទាវបានបន្តថា សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ ការអប់រំដល់កុមារី និងយុវតីឱ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ បំណិនជីវិត និងការងារសង្គម។ លើសពីនេះយុវតីដែលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងការធ្វើការជាក្រុម ដើម្បីក្លាយជាធនធានដ៏មានគុណតម្លៃសម្រាប់ជាតិ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានពន្យល់ដល់ក្មួយៗសមាជិកសកម្មថា ការបោះជំរំគឺជាវិធីសាស្រ្តអប់រំ ដ៏មានប្រសិទ្ធភាពសម្រាប់ជួយឲ្យក្មួយៗផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមាន លើឥរិយាបថ និងសីលធម៌រស់នៅ ការសិក្សា ការផ្សារភ្ជាប់ជីវិតជាមួយនឹងធម្មជាតិ និងធ្វើឱ្យកូនក្មួយទាំងអស់ ចេះរួមសាមគ្គីគ្នាពេលជួបរឿងលំបាក ឬពេលនៅឆ្ងាយពីផ្ទះ ដូចពាក្យចាស់លោកពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ”។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់កូនក្មួយខិតខំស្វែងយល់អត្ថន័យ និងស្តាប់ការទូន្មាន តាមកម្មវិធីនីមួយៗ ហើយក្រោយពីទទួលបានបទពិសោធន៍ ពេលត្រឡប់ទៅវិញត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ និងបំរើប្រជាជននាពេលអនាគត។ ឯកឧត្តមក៏បានផ្តាំសមាជិកាសកម្មដែរថា ត្រូវឧស្សាហ៍សួរខ្លួនឯងថា “តើយើងជានរណា ? មកពីណា? ហើយត្រូវធ្វើអ្វី? ដើម្បីតបស្នងសងគុណទឹកដីកំណើត និងសងគុណសម្តេចតេជោ ហ៊ុន សែន ដែលបានរកសុខសន្តិភាពមកឱ្យយើង។
អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត លោកស្រី គង់ ទិត្យធីតា បានឱ្យដឹង កម្មវិធីការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ជាការបោះជំរំលើកទី៣ ដែលមានសមាសភាពសមាជិកាសកម្ម សាខាខេត្តកំពត ចំនួនសរុប ១០០នាក់។
ការបោះជំរំលើកទី៣នេះ ប្រព្រឹត្តទៅរយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ តុលា ឆ្នាំ២០២៤ ទីតាំងចំការតាកែន កោះស្លា ស្រុកឈូក ខេត្តកំពត ក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង”ដោយមានកម្មវិធីសំខាន់ៗ ដូចជា ការដឹងគុណ និងនិទានរឿង ការដើរព្រៃ ការលេងល្បែងកម្សាន្ត ការរៀនចម្អិនអាហារ ការដុតភ្លើងគប់ជាដើម។ លោកស្រីបានឱ្យដឹងទៀតថា ការបោះជំរំបានឆ្លុះបញ្ចាំងឱ្យយុវតីកាយឫទ្ធិនារីកម្ពុជាទទួលបានបទពិសោធន៍ ធ្វើការងារជាក្រុម ដើម្បីសម្រេចបាននូវគោលដៅរួម ដែលជាមេរៀនដ៏សំខាន់មួយសម្រាប់អនុវត្តក្នុងជីវិតពិត៕








-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត