ព័ត៌មាន
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំនេះ ទាក់ទាញអ្នកចូលរួមទស្សនាដោយផ្ទាល់ និងតាមអនឡាញជាង ១០ម៉ឺននាក់
ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ និង២៧ ខែតុលា ឆ្នាំ២០២៤នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា ទទួលបានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០ម៉ឺននាក់ ក្នុងនោះអ្នកទស្សនាផ្ទាល់ចំនួនជាង ៤១,០០០នាក់ និងតាមប្រព័ន្ធអនឡាញជាង ៦៣,០០០នាក់។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលានេះ បានមានប្រសាសន៍ថា ពិព័រណ៍នេះ បាននាំមកនូវកម្មវិធីល្អៗ សម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្សនិស្សិត សាធារណនទូទៅ។ ក្នុងនោះដែរ យុវជនយ៉ាងច្រើនលើសលុបបានវាយតម្លៃខ្ពស់លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថា ជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃរបស់ពួកគេផងដែរ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ព្រឹត្តការណ៍នេះដែរ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ មានស្តង់សរុបជាង ១៨០ ដែលបានដាក់តាំងបង្ហាញពីឱកាសការងារហូតដល់ជាង ៣ម៉ឺនកន្លែង។ ឯកឧត្តមឲ្យដឹងទៀតថា សម្រាប់ឆ្នាំនេះ ក្រសួងការងារទទួលបានអ្នកដាក់ពាក្យរកការងារធ្វើ (CV) ដោយផ្ទាល់ និងអនឡាញសរុបចំនួនជាង ២ម៉ឺនប្រវត្តិរូបការងារ ក្នុងនោះមានអ្នកជាប់បឋមជាង ១,០០០នាក់ ក្រោយបេក្ខជនបានដាក់ពាក្យភ្លាមសម្ភាសភ្លាមនៅនឹងកន្លែងពិព័រណ៍ការងារតែម្តង។
បន្ថែមពីនេះ ឯកឧត្តម កត្តា អ៊ន បានលើកឡើងបន្តថា អំឡុងពេលពីរថ្ងៃបន្ទាប់ពីបានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងពិព័រណ៍នេះ មានអ្នកចូលប្រើប្រាស់ដើម្បីសាកសួរព័ត៌មាន ចុះឈ្មោះ ប្រើប្រាស់សេវាសាធារណៈនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាសេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះរកការងារក្រៅប្រទេស, សេវាចុះឈ្មោះចូលរៀន TVET 1,5M និងទទួលបណ្តឹងអនាមិកសរុប ៣បណ្តឹង។
គួរបញ្ជាក់ដែរថា ការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែរនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
ពិព័រណ៍ការងារថ្នាក់ជាតិនេះដែរ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារាតិមុខរប និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត៕





-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត