ព័ត៌មាន
ស្រ្តីទី១កម្ពុជា៖ ប្រតិភូនាវាយុវជនត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងគុណតម្លៃជាតិទៅកាន់យុវជនអាស៊ាន-ជប៉ុន
ភ្នំពេញ ÷ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ដឹកនាំប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៦រូប ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ដើម្បីសុំអនុសាសន៍ និងដំបូន្មានមួយចំនួន មុនពេលចេញដំណើរទៅចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកជំទាវបណ្ឌិតបានពាំនាំការសួរទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ជួនចំពោះយុវជនទាំអស់ដែលបានចូលរួម និងសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងមានមោទនភាពចំពោះយុវជនទាំង១៦រូប ដែលតំណាងឱ្យយុវជនកម្ពុជា ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ជប៉ុន នាឆ្នាំនេះ។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ប្អូនៗក៏ដូចជាយុវជនគ្រប់រូបក្នុងសម័យកាលនេះ ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីអនាគតរបស់យុវជន ផ្តល់អាទិភាពដល់តួនាទីរបស់យុវជន ក៏ដូចជាផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្សជាដើម។ ជាក់ស្តែងប្អូនៗមានឱកាសក្នុងការចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដ៏មានសារៈសំខាន់នេះ ដូច្នេះប្អូនៗយុវជនទាំងអស់ត្រូវចេះចាប់យកឱកាស អភិវឌ្ឍខ្លួនឱ្យបានល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវបណ្ឌិត បានផ្តាំផ្ញើដល់ប្រតិភូ នាវាយុវជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង រក្សានូវឥរិយាបទ និងតម្លៃជាតិ ផ្សព្វផ្សាយអំពីវប្បធម៌ជាតិ រៀនសូត្រពីគ្នាទៅវិញទៅមក ជាមួយយុវជននៃប្រទេសដទៃ ចូលរួមលើកកម្ពស់សន្តិភាព និងការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន ជាពិសេសត្រូវចូលរួមគាំទ្រការដឹកនាំរបស់ រាជរដ្ឋាភិបាល ដើម្បីរួមចំណែកបន្តអភិវឌ្ឍជាតិមាតុភូមិយើង។
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាទាំង១៦រូប នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៨ ឆ្នាំ២០២៤ ចូលជួបសម្តែងការគួរសម ដើម្បីទទួលបានដំបូន្មាន និងអនុសាសន៍ផ្តាំផ្ញើ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
ការអនុញ្ញាតឱ្យប្រតិភូនាវាយុវជនកម្ពុជាចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ល្អៗទាំងអស់នេះ គឺជាចំណែកមួយដ៏ធំធេងសម្រាប់ការត្រៀមលក្ខណៈរបស់ប្រតិភូនាវាយុវជនកម្ពុជា ដើម្បីចូលរួមក្នុង កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ ដែលនឹងប្រព្រឹត្តិទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសចំនួន៣ រួមមានប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។ កម្មវិធីនេះ នឹងមានការចូលរួមពីសំណាក់គណៈប្រតិភូយុវជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ រុបប្រមាណ ១៦៨នាក់។ សូមបញ្ជាក់ថា ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកថវិកា និងកាដូមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាទាំង១៦រូបផងដែរ៕











-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត