ព័ត៌មាន
កម្មករនិយោជិតនឹងទទួលបានការបើកប្រាក់ខែមុនសម្រាប់ថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក
ឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា រោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រស្ពើរ បានឲ្យដឹងថា នឹងរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកានេះ ពោលធ្វើយ៉ាងណាបើកឱ្យបានមុនថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
កញ្ញា លី អេងផេង អនុប្រធានរដ្ឋបាលរោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រស្ពើ ហ្វូតវ៊ែរ នៅព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ជារៀងរាល់ឆ្នាំនៃពិធីបុណ្យជាតិនានា រោងចក្រតែងតែបើកផ្តល់ប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតទាំងអស់ ដើម្បីយកទៅប្រើប្រាស់ក្នុងថ្ងៃឈប់សម្រាកដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ។ កញ្ញា បានឲ្យដឹងទៀតថា ក្រៅពីបើកប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាកនេះ ខាងរោងចក្រក៏អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ អាចឈប់សម្រាកដោយមានប្រាក់ឈ្នួលផងដែរ។
ទាក់ទិនការឈប់សម្រាកពិធីបុណ្យអុំទូកថ្ងៃខាងមុខនេះដែរ ក្រុមកម្មករ កម្មការនី រោងចក្រផលិតស្បែកជើងខាងលើ បាននិយាយប្រាប់ ប៊ីធីវី ថា ចំពោះថ្ងៃឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ មិនទាន់មានគម្រោងទៅដើរលេងកម្សាន្ត ឬទៅស្រុកកំណើតនោះទេ ដោយសារពិធីបុណ្យភ្ជុំបិណ្ឌទើបតែបញ្ចប់នាពេលកន្លងទៅ។ ទោះជាយ៉ាងណា ក្រុមកម្មករ បានឲ្យដឹងស្រដៀងគ្នាទៀតថា នឹងជួបជុំគ្រួសារ ក៏ដូចជាមិត្តភក្តិ ទៅលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ដើម្បីមើលការប្រណាំងទូក និងការបណ្តែតប្រទីបជាដើម។
កាលពីកន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងការងារ ក៏បានជំរុញឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះផងដែរ។ ដោយឡែក ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្តអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្តូរវេនគ្នា៕ អត្ថបទ ឈិត បូរ៉ាវី







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត