ព័ត៌មាន
លោកបណ្ឌិត ទូច សុឃៈ៖ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពលរដ្ឋនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
យោងតាមមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើង តាមការបោះឆ្នោតអសកល។ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋនៃមូលដ្ឋានរបស់ខ្លូន។ ក្រុមប្រឹក្សា មានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង។

ផ្អែកតាមច្បាប់ដដែល លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាត្រូវចាត់វិធានការសមស្រប ដើម្បីដោះស្រាយវិវាទនៅមូលដ្ឋានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គួរកត់សម្គាល់ថា វិវាទមូលដ្ឋាន គឺជាវិវាទមានលក្ខណៈឯកជនរវាងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាជាមួយគ្នា ឬដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាផ្សេងគ្នា។ ចំណែកឯករដោះស្រាយវិវាទទាំងនោះ ក្រុមប្រឹក្សាត្រូវផ្អែកតាមពាក្យបណ្ដឹងរបស់ភាគីណាមួយឬភាគីទាំងសងខាងនៅក្នុងវិវាទទៅក្រុមប្រឹក្សាដែលភាគីនោះស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងដែនសមត្ថកិច្ច។
បើតាមលោកបណ្ឌិត ទូច សុឃៈ ច្បាប់ក៏បានតម្រូវឱ្យក្រុមប្រឹក្សាសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ដោយផ្អែកតាមលក្ខណៈដែលអាចទទួលយកបានដោយភាគីនៅក្នុងវិវាទទាំងសងខាង។ ក្នុងករណីភាគីណាមួយក្នុងវិវាទមិនអាចទទួលយកបាននូវការសម្រុះសម្រួលដោះស្រាយ ក្រុមប្រឹក្សាត្រូវណែនាំភាគីនោះអំពីនីតិវិធីតាមផ្លូវច្បាប់សម្រាប់បន្តដោះស្រាយវិវាទនោះ។
លោកបណ្ឌិត បន្តថា ក្នុងករណីមានសំណូមពរ ឬការតវ៉ានានាពីប្រជាពលរដ្ឋ ក្រុមប្រឹក្សាត្រូវពិនិត្យ និងដោះស្រាយសំណូមពរ ឬការតវ៉ានោះឱ្យបានសមស្រប។ ម្យ៉ាងទៀតក្នុងករណីមានសំណូមពរ ឬការតវ៉ា ក្រុមប្រឹក្សាត្រូវចាត់វិធានការដោះស្រាយ រួចហើយត្រូវជូនដំណឹងទៅប្រជាពលរដ្ឋវិញ។ និងករណីមានសំណូម ឬការតវ៉ានោះមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវរាយការណ៍ជូនក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬក្រុមប្រឹក្សាដែលពាក់ព័ន្ធដើម្បីដោះស្រាយ។
យ៉ាងណាក៏ដោយ បើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងការសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ក្រុមប្រឹក្សាមិនត្រូវធ្វើសេចក្ដីសម្រេចទៅលើបញ្ហាទាំងឡាយណាដែលពាក់ព័ន្ធករណីរួមមាន៖ ១.ការលែងលះ ២.អំពើហិង្សាក្នុងគ្រួសារដែលមានលក្ខណៈជាបទល្មើសឧក្រិដ្ឋ ឬមជ្ឈិម ៣.បទល្មើសឧក្រិដ្ឋ ឬមជ្ឈិមដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬករណីដែលស្ថិតនៅក្នុងក្របខ័ណ្ឌសណ្ដាប់ធ្នាប់សាធារណៈ ៤.វិវាទដែលកំពុងដោះស្រាយដោយតុលាការ ឬដែលមានសេចក្ដីសម្រេចពីតុលាការ ៥.វិវាទដែលច្បាប់ ឬដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់លាក់ ។ ចំពោះនីតិវិធីក្នុងការដោះស្រាយវិវាទនៅមូលដ្ឋានត្រូវផ្អែកតាមច្បាប់ ឬអនុក្រឹត្យ។
គួររម្លឹកថាក្នុងចំណោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិចំនួន៧ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជាលក្ខណៈសម្បត្តិទី៥។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា នៅឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងបង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សា រួមទាំងការទទួលសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន៕

-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦