ព័ត៌មាន
តំណាងភាគីនិយោជក និងសហជីព៖ កម្មករនិយោជិតបច្ចុប្បន្ន រស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ
តំណាងភាគីនិយោជក និងសហជីព បានលើកឡើងថា ជីវភាពរបស់កម្មករនិយោជិតវិស័យកាត់ដេរនាពេលបច្ចុប្បន្នមានលក្ខណសមរម្យ និងធូរធារជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួលអប្បបរមា រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទន្ទឹមនេះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាសមស្របជាមួយផលិតភាពក្នុងស្រុកនេះ អាចរក្សាបានទាំងស្ថិរភាពនៃការវិនិយោគនៅក្នុងស្រុក និងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានគូសបញ្ជាក់ថា ទាំងប្រាក់ឈ្នួលអប្បបរមាដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារក្នុ ងមួយខែ បូកបន្ថែមអត្ថប្រយោជន៍នានា និងការធ្វើការថែមម៉ោងទៀតនោះ ធ្វើឱ្យកម្មករនិយោជិតក្នុងម្នាក់ៗទទួលបានចំណូលប្រចាំខែប្រមាណជា ៣៦០ដុល្លារ។ ក្នុងនោះ កម្មករនិយោជិតដែលានជំនាញវិញគឺទទួលបានប្រាក់ចំណូលប្រមាណ ៦០០ ទៅ៧០០ដុល្លារ។
ប្រធានសហភាពសិទ្ធិកម្មករកម្ពុជារូបនេះ លើកឡើងបន្តថា ក្រៅតែប្រាក់ចំណូលប្រចាំខែរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលបានដាក់ចេញនូវសំណាញ់គាំពារសង្គមដល់កម្មករនិយោជិត ដូចជាការប្រើប្រាស់បណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ រួមទាំងគោលនយោបាយមិនឱ្យឡើងថ្លៃទំនិញ ទឹកភ្លើង និងផ្ទះជួលសម្រាប់ពួកគេជាដើម។ ដែលទាំងនេះ ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិបានគិតគូរ និងបន្តយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ជីវភាពកម្មករនិយោជិត។
ស្របពេលដែលកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យនេះផងដែរ លោក គឹម ចាន់សំណាង មើលឃើញថា ជីវភាពរបស់កម្មករនិយោជិតនាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរជាងមុនច្រើន ពោលគឺរស់នៅក្នុងជីវភាពសមរម្យ។ បើតាមការសង្កេតរបស់លោកផ្ទាល់ គ្រួសារដែលមានសមាជិកជាអ្នកធ្វើការនៅក្នុងរោងចក្រភាគច្រើនមានមធ្យោបាយធ្វើដំណើរសម្រាប់គ្រួសារ មានផ្ទះស្នាក់នៅសមរម្យ និងមានសម្ភារៈប្រើប្រាស់ល្អៗ ដែលធ្វើឱ្យការរស់នៅរបស់ពួកគេមានភាពខុសប្លែកជាងពេលមុនៗស្ទើរតែទាំងស្រុង។

ទន្ទឹមនឹងនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាដែលបានអនុម័តសម្រាប់ឆ្នាំ២០២៥ បានធ្វើឡើងដោយមានការគិតគូរច្បាស់លាស់ផ្អែកលើសេដ្ឋកិច្ចជាតិ និងសកលលោក និងមានការចូលរួមចរចាពីត្រីភាគី ធ្វើយ៉ាងណាប្រាក់ឈ្នួលអប្បបរមាដែលបានដាក់ចេញ ត្រូវតែធានាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ច ផលិតភាពក្នុងស្រុក និងជីវភាពរបស់បងប្អូនកម្មករនិយោជិត ជាពិសេសរក្សាបាននូវការប្រកួតប្រជែងទីផ្សារអន្តរជាតិជាមួយបណ្តាប្រទេសដែលមានកម្រិតវិនិយោគដូចប្រទេសកម្ពុជាផងដែរ។

លោក បានបន្ថែមថា ជាគោលការណ៍អន្តរជាតិដើម្បីធ្វើឱ្យការរស់នៅរបស់ពលរដ្ឋមានលក្ខណសមរម្យ គេត្រូវគិតគូរពីថ្លៃនៃការរស់នៅ (cost of living) ពោលគឺកំណត់ថ្លៃលើមុខទំនិញ និងសេវាមួយចំនួននៅក្នុងប្រទេស ថាតើការចំណាយចំណាយរបស់ពលរដ្ឋអស់ប៉ុន្មានកនុងមួយខែ?។ ក្នុងនោះ ប្រសិនបើពលរដ្ឋចំណាយអស់១០០ ដុល្លារក្នុងមួយខែ ហើយចំណូលរបស់ពលរដ្ឋក្រោម ១០០ដុល្លារ នោះពួកគេកំពុងរស់នៅក្នុងបន្ទាត់ក្រីក្រ ដូច្នេះហើយការចរចារប្រាក់ឈ្នួលរបស់កម្ពុជាសម្រាប់កម្មករក៏ដូចគ្នាដែរ គឺត្រូវបានគិតគូរឱ្យផុតពីបន្ទាត់ក្រីក្ររបស់កម្មករនិយោជិតជាចាំបាច់បំផុត៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧