ព័ត៌មាន
ផ្លូវមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំង នឹងដាក់ជាផ្លូវថ្មើជើង ចាប់ពីថ្ងៃទី០១ កុម្ភៈ ខាងមុខនេះ
ភ្នំពេញ ៖ ផ្លូវថ្មើជើងជំហានទីមួយពីមុខប្រៃសណីយ៍កម្ពុជា ទៅដល់ខាងមុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។
ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ផ្លូវលេខ២៤០ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយចាប់ផ្តើមនៅម៉ោង៦ល្ងាច ដល់ម៉ោង១១យប់រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើជើងនេះ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ផ្លូវថ្មើជើងនេះ រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ បន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានកាន់តែច្រើន។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះត្រូវតែចេញដំណើរការនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយជាជំហានដំបូងនឹងបើកផ្លូវថ្មើរជើងនេះ នៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ និងត្រូវបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ ព្រមទាំងមានការរៀបចំបន្ទប់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ហើយនៅមុនឈានទៅដល់ថ្ងៃបើកនាថ្ងៃទី០១កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញនឹងជូនដំណឹង ដើម្បីណែនាំប្រជាពលរដ្ឋរស់នៅតំបន់នេះឱ្យបានយល់ពីគម្រោងនេះ។ អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយដាក់មីក្រូបំពងសំឡេង កុំឱ្យយានយន្តចូល ពេលបើកដំណើរការ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ឯកឧត្ដម ឃួង ស្រេង គូសបញ្ជាក់ផងដែរថា ជាមួយគ្នានេះត្រូវគិតគូរពីអនាម័យបរិស្ថាន អ្នកលក់ដូរ ដោយសារប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំគម្រោងនេះ។ ក្រោយបើកឱ្យដំណើរការ អាជ្ញាធរនឹងអង្កេត ជាមួយនិងការដកបទពិសោធន៍ ដើម្បីកែលម្អរផ្លូវថ្មើជើងនេះឱ្យកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ