Connect with us

ព័ត៌មាន

សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង

កោះកុង៖ មន្រ្តីនគរបាលស្រុកមណ្ឌលសីមា មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការហេឡូត្រាស់ បាន​បំផ្ទុះ​កម្ទេច​មីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ឃុំប៉ាក់ខ្លង ក្រោយហ៊ុំព័ន្ធ​ជា​សញ្ញា​ប្រុង​ប្រយ័ត្ន​កន្លង​ទៅ។

លោកវរៈសេនីយ៍ទោ ស្រីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹង​នៅ​ថ្ងៃ​ទី​២៣ ​ខែកក្កដា ឆ្នាំ២០២៦នេះថា វេលាម៉ោង១០និង៤០នាទីព្រឹកនេះ ក្រុម​បុគ្គលិក​អង្គការ​ហេឡូ​ត្រាស់​ សហការជាមួយកម្លាំងនគរបាលស្រុក ព្រមទាំងមន្រ្តីបរិស្ថាន បានបោស​សម្អាត​គ្រាប់​មីន​១​គ្រាប់​ដែល​នៅ​គាប​ថ្មីជាប់នឹងគល់ឈើមួយក្បែរមាត់ទឹកជ្រោះដំណាក់ក្បូន ស្ថិតនៅភូមិកោះប៉ោ។

លោកអធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងទៀតថា សកម្មភាព​នៃ​ការ​បំផ្ទុះ​គ្រាប់​មីន​នេះ​មិន​បង្ក​ការ​ភ័យខ្លាចដល់ប្រជាពលរដ្ឋ ឬអ្នកទេសចរណាម្នាក់ឡើយ ដោយមានការ​រៀបចំ​សុវត្ថិភាព​តាម​គោល​ដៅនី​មួយៗក្នុងតំបន់នោះមិនមានការឆ្លងកាត់ អំឡុងធ្វើសកម្មភាពបោសសម្អាត។

លោក សុខ សុជា ប្រធានក្រុមកម្ទេចគ្រាប់ និងស្រាវជ្រាវនៃអង្គការហេឡូត្រាស់ ឱ្យដឹងដែរថា គ្រាប់​មីន​ដែលកម្ទេចនេះ ជាប្រភេទសម័យសង្រ្គាមរបបខ្មែរក្រហម គ្រាក្រុមទាហាន​ខ្មែរ​ក្រហម​សម្រាក​បាត់​ការ​ហត់​នឿយ​ដោយ​មិន​ទ្រ​នឹង​ទម្ងង់​បាន​ច្រើន​ក៏​រំលែក​ទម្លាក់​ទុក​១​គ្រាប់​ចោល​ក្បែរ​គល់​ដើម​ឈើ ​ដើម្បីបន្តដំណើរទៅមុខទៀត។ មីននេះប្រភេទPNN2 ផលិតនៅប្រទេសសូវៀត។ កម្លាំងផ្ទុះរបស់មិនធ្ងន់ធ្ងរប៉ុន្មានដែរទេ ចម្ងាយគេច១០០ម៉ែត្រ៤ជ្រុង។ ជាក់ស្តែង ទោះបី​ជា​ឃើញ​វា​មាន​សភាព​ថ្មី​ក៏​ពិត​​មែនប៉ុន្តែជាកាវពណ៌ខៀវដែលមិនចេះចាស់ឡើយ។

លោក សុខ សុជា ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ករណីប្រទះឃើញគ្រាប់មីន ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កន្លែង​ណា សុំកុំទៅប៉ះពាល់វា ដោយរាយការណ៍មកកាន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ដើម្បី​រង់​ចាំ​មន្រ្តី​ជំនាញចុះពិនិត្យបន្ថែម និងកម្ទេចតាម​លក្ខណ​បច្ចេកទេស។ បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​មន្ត្រី​បរិស្ថាន និងនគរបាលស្រុកមណ្ឌលសីមា កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅ ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​ទីតាំង​ដែល​ប្រទះ​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះក្បែ​រ​មាត់​ទឹក​គៀប​ក្រោម​ដើម​ឈើ​នៅ​ចំណុច​ទឹក​ជ្រោះ​ដំណាក់ក្បូន ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីជាសញ្ញាបង្ហាញ​ដល់​ពលរដ្ឋ និងអ្នកទេសចរ ប្រុងប្រយ័ត្នមិនត្រូវទៅប៉ះពាល់ទីតាំងនោះ៕ អត្តបទ៖ ឈឹម មករា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia