ព័ត៌មាន
ប្រមុខការទូតកម្ពុជា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាទីតាំងតានតឹងរបស់ប្រទេសមហាអំណាចដើម្បីដណ្តើមសេដ្ឋកិច្ច និងនយោបាយ
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ថ្លែងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលនៃការដណ្ដើមឧត្តមភាព ឥទ្ធិពល និងជាទីតាំងតានតឹងរបស់ប្រទេសមហាអំណាចដើម្បីដណ្តើមទាំងសេដ្ឋកិច្ច និងយុទ្ធសាស្រ្តនយោបាយ។
ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា នៅឆ្នាំ២០២៤ ពិភពលោកបានវិវត្តកាន់តែរលឿនទៅក្នុងស្ថានភាពស្មុគស្មាញ ផុយស្រួយគ្រោះថ្នាក់ និងមិនច្បាស់លាស់ ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទំនើប រវាងមហាអំណាចធំៗ រួមមាន ជម្លោះប្រដាប់អាវុធ, ការលំបាកក្នុងការស្វែងរកការធានាសន្តិភាពនៅក្នុងតំបន់ និងប្រទេសជាច្រើន, ការកើនឡើងនៃបញ្ហាសន្តិសុខមិនប្រពៃណីជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា បញ្ហាទាំងនេះក៏បាននាំឱ្យមានការកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន ,អស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់, ការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ, ហានិភ័យនៃការបម្រែបម្រួល អាកាសធាតុ ពិសេសភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលកំពុងឃ្លាតចេញពីគន្លងច្បាប់អន្តរជាតិបាននាំដល់ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងការចុះខ្សោយនៃស្ថាប័នអភិបាលកិច្ចសកល និងការបាត់បង់ជំនឿទុកចិត្តលើសកលភាវូបនីយកម្ម។
ក្នុងសន្និបាតនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងថា ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗនៅលើពិភពលោកនឹងកំណត់អំពីការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោក ហើយក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោលទៅលើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាជាមិនខាន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលនៃការដណ្ដើមឧត្តមភាព ឥទ្ធិពល និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើនដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម យុទ្ធសាស្ត្រនយោបាយ និងការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ស្ថិតនៅកណ្តាលនៃការលំបាក និងការប្រឈមដ៏មហាសាលទាំងនេះ កម្ពុជាត្រូវខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ព្រមទាំងបត់បែនគ្រប់ឧបសគ្គ ដើម្បីរក្សាការពារផលប្រយោជន៍គោលរបស់ជាតិ។
ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងដឹកនាំកិច្ចប្រជុំចង្អៀត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលកម្ពុជានៅបរទេសទាំងអស់ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤៖ (ទី១)ការប្រកួតប្រជែងខាងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណ និងអំណាចកណ្តាល និងនិន្នាការធំៗនៃពិភពលោក (ទី២) បញ្ហាប្រឈម និងកាលានុវត្តភាពនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ាន និងជាពិសេសកម្ពុជា (ទី៣) បញ្ហាប្រឈមចំពោះការធានាប្រសិទ្ធភាពក្នុងការបំពេញការទូតរបស់កម្ពុជា និងកំណែទម្រង់ចាំបាច់ និង (ទី៤) ការពិនិត្យកែសម្រួលការងារធំៗទាំង៥ ដែលក្រសួងបានប្រើប្រាស់ជាត្រីវិស័យសម្រាប់អនុវត្តអស់ពេលច្រើនឆ្នាំមកហើយ៕









-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា