ព័ត៌មាន
កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត
នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ខេត្តព្រៃវែងរបស់កម្ពុជា)-តឹនណាម(ខេត្តតៃនិញរបស់វៀតណាម)។
នៅក្នុងជំនួបនេះ, ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានសម្ដែងនូវក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា។ ឯកឧត្តមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម ដែលជាសមិទ្ធផលថ្មីឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនេះ, ឯកឧត្តមបានអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីៗរបស់កម្ពុជា ក្នុងការធានាបាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាលំដាប់។ ឯកឧត្តមបានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចបវរធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តរួមគ្នាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ សម្ដេចបវរធិបតីបានបន្តថា ការសម្ពោធបើកច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម នាឱកាសនេះ គឺជាសក្ខីភាព ស្ដែងចេញពី ការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្ដេចបវរធិបតី ក៏បានកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ របស់ប្រទេសវៀតណាម និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះគ្រោះទឹកជំនន់នៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដែលបានបណ្ដាលឱ្យបាត់បង់អាយុជីវិតប្រជាជន និងខូចខាតទ្រព្យសម្បត្តិ។
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែជិតស្និទ្ធ ដោយផ្ដោតលើវិស័យសំខាន់ៗរួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, អប់រំ និងបណ្ដុះបណ្ដាល, សុខាភិបាល, ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសទាំងពីរ។ លើសពីនេះ សម្ដេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអនុតំបន់ តំបន់ និងអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា