ព័ត៌មាន
កម្ពុជា ប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ «តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល»
ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ។
ក្នុងទិវានេះ ក៏មានការចូលពីព្រះវត្តមានសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានថ្លែងថា “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ជាទិវាដែលត្រូវបានអនុម័ត ដោយកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភពលោកលើកទី៦ ដែលមានអ្នកកាន់ព្រះពុទ្ធសាសនា ៤១ ប្រទេស តំណាងពុទ្ធសាសនិក ៥១០លាននាក់ទូទាំងពិភពលោក កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅក្រុងកូបេប្រទេសជប៉ុន។ នៅក្នុងកិច្ចប្រជុំនោះ ក៏បានថ្វាយព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា “ព្រះស្រីលោកធម្មិករាជ” ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ចាប់ពីពេលនោះមក នៅព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅថ្ងៃទី៨ ខែមេសា ជារៀងរាល់ឆ្នាំ ពុំដែលអាក់ខានឡើយ។ ដូច្នេះទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងធម្មការ និងសាសនា ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” ជាប្រធានបទដ៏ស័ក្ដិសមបំផុតសម្រាប់ការអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា ទាំងក្នុងប្រទេសនិងសកលលោក។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានបញ្ជាក់ទៀតថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បានប្រព្រឹត្តទៅប្រកបដោយមហាសាមគ្គីធម៌ដ៏ទូលំទូលាយ និងស្និទស្នាល ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ ទន់ភ្លន់ ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ កត្តាសន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ជាកាលានុវត្តភាពដ៏ល្អសម្រាប់ការអភិវឌ្ឍព្រះពុទ្ធសាសនា និងការចូលថែរក្សាសន្តិភាព។ ក្រសួងធម្មការ និងសាសនា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ច កំណត់វិធានការដឹកនាំ និងគ្រប់គ្រងអង្គការសាសនាទាំងអស់ ដែលមានទីតាំង និងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា ដោយយកចិត្តទុកដាក់ ពិសេសចំពោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ក្នុងការបំពេញបេសកម្មរបស់ខ្លួន ក្រសួងធម្មការនិងសាសនា បានផ្តោតលើអាទិភាពមួយចំនួនគឺ ១) ការលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាពិសេសពុទ្ធិកសិក្សា ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ៦៨ រដ្ឋ ជួយផ្សព្វផ្សាយ និងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា ២) ណែនាំនិងត្រួតពិនិត្យអង្គការសាសនាឱ្យធ្វើសកម្មភាពស្របតាមច្បាប់រដ្ឋ និងប្រតិបត្តិជំនឿសាសនាស្របតាមធម៌វិន័យ និងគោលលទ្ធិសាសនារៀងៗខ្លួន ៣) លើកទឹកចិត្តឱ្យសាសនាទាំងអស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈការផ្ដល់ការអប់រំខាងស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច ៤) រក្សាឱ្យបាននូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនាទាំងអស់៕ អត្ថបទ រដ្ឋា













-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦