ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥នេះថា ការចូលរួមសកម្មភាពជាមួយស.ស.យ.ក. គឺជាការចូលរួមដោយគ្មានលក្ខខណ្ឌ ក្នុងន័យនេះ ការចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្ត ឬក៏សកម្មភាពរបស់ស.ស.យ.ក. មិនអាចទាមទារមកវិញនៅតំណែង ឬក៏តួនាទីណាមួយនោះទេ។
ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា តាមរយៈវេទិកា ស.ស.យ.ក. សមាជិក សមាជិកា ម្នាក់ៗ អាចបង្ហាញសមត្ថភាពខ្លួនបាន ដោយចាប់ផ្តើមអនុវត្តពីសកម្មភាពតូចៗ ផ្សារភ្ជាប់ជាមួយនឹងមនសិការ ឆន្ទះពុះពារ ភាពច្នៃប្រឌិតក្នុងការបំពេញភារកិច្ចការងារ។ ឯកឧត្តម សង្កត់ធ្ងន់ថា តាមរយៈការអនុវត្តការងារស្ម័គ្រចិត្ត ដោយមិនរំពឹងទុកនូវការតបស្នង និងតួនាទីរបស់សមាជិក សមាជិកាណាម្នាក់ គឺបានបង្ហាញនូវសក្ខានុពលរបស់ពួកគេ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិនិច្ឆ័យលក្ខណៈសម្បត្តិ ដើម្បីផ្តល់ឱកាសឱ្យបំពេញកិច្ចការងារធំណាមួយ។
ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការស.ស.យ.ក. ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងអស់ ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលជាទីគាប់ប្រសើរ។ ឯកឧត្តម បានបន្តថា មិនមែនសម្រាប់តែខេត្តកំពង់ស្ពឺប៉ុណ្ណឹងទេ ដែលស.ស.យ.ក. ដើរតួជាដៃគូមួយយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត ក្នុងនោះគឺនៅទូទាំងប្រទេសតែម្តង ដែលរចនាសម្ព័ន្ធគណៈកម្មាធិការស.ស.យ.ក. រាជធានី-ខេត្តទាំងអស់ បានធ្វើសកម្មភាពព្រមៗគ្នាឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ជាពិសេសនោះគឺស្របតាមក្របខណ្ឌទិសដៅនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីនិមួយៗដែលស.ស.យ.ក. រៀបចំគឺបង្កប់ន័យនៃការបំផុសចលនា និងការដាក់ទិសដៅ គោលដៅរួមសម្រាប់កម្ពុជា។ កម្មវិធីស.ស.យ.ក. មួយចំនួនមានលក្ខណៈផ្សាភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា ក្នុងនោះរួមមានកម្មវិធីបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ ដែលមានគោលបំណងចង់ឱ្យយុវជន យុវនារី កម្ពុជាមានក្តីសង្ឃឹម ហើយបង្កើតនូវភាពជឿជាក់លើសង្គមជាតិកម្ពុជា។ ជាមួយគ្នានោះ តាមរយៈយុទ្ធនាការពលរដ្ឋល្អ សកម្មភាពសមាជិក ស.ស.យ.ក. ចូលរួមសង្កេតការណ៍បោះឆ្នោត ក្នុងនាមជាអង្គការសមាគម ក៏បានឆ្លុះបញ្ចាំងភាពជាសាក្សី នៃការប្រព្រឹត្តទៅរបស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាផងដែរ។
សូមជម្រាបជូនថា ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តកំពង់ស្ពឺ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្រៃ្តយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និង សមាជិក សមាជិកា សរុបប្រមាណជាង៤៣០ រូប៕
អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)