Connect with us

ព័ត៌មាន

អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ វាយតម្លៃខ្ពស់ចំពោះ​ការផ្តល់​សេវា​របស់​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ខេត្តកំពង់ចាម

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរ​មីន បានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និង​ការ​ផ្តល់​សេវា​​របស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដែល​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និងហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ Handicap International (Humanity & Inclusion – HI)។

ដំណើរទស្សន​កិច្ចនេះ មានការចូលរួមពីលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​តំបន់​អាស៊ាន​សម្រាប់សកម្មភាពមីន (ARMAC) លោក Rajib Dakua នាយកប្រចាំប្រទេស​នៃ​អង្គការ ​Humanity & Inclusion (HI) ព្រមទាំងតំណាងមូលនិធិជនពិការ។

ទស្សនកិច្ច​នេះ​ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ពិនិត្យវាយតម្លៃវឌ្ឍន​ភាព​ការ​ងារ ​ស្វែងរកឱកាសដោះស្រាយបញ្ហាប្រឈម និងជំរុញការលើកកម្ពស់ការផ្តល់សេវាសង្គ្រោះ និ​ង​ស្តារ​លទ្ធភាពដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព និងគ្របដណ្តប់កាន់តែទូលំទូលាយ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់​ និង​កោតសរសើរ​ចំពោះ​កិច្ច​ខិត​ខំ​​ប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមជ្ឈមណ្ឌល ដែលបាន​បំពេញ​ការ​ងារ​ប្រកប​ដោយ​វិជ្ជា​ជីវៈ ​និងការទទួលខុសត្រូវខ្ពស់​ ក្នុងការផ្តល់សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ដល់​ជន​មាន​ពិការ​ភាព និងជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ HI ដែលបាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់វិស័យសកម្មភាពមីន និងការស្តារ​លទ្ធ​ភាព​ពលកម្មកាយសម្បទា ក៏ដូចជា​​ដើរតួនាទីយ៉ាងសកម្ម​ក្នុង​ការ​គាំទ្រ​ផ្នែ​ក​ចិត្ត​សង្គម​ដល់​ជន​មាន​ពិការ​ភាព និងជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះក្នុងខេត្តកំពង់ចាម និងបណ្តាខេត្ត​ជុំវិញ​។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹ​ង​កំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់សុខុមាលភាព និងបរិយាបន្នសង្គមសម្រាប់ជនមានពិការភាព ស្របតាមចក្ខុវិស័យ និង​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធានាថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» និង​បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រីក​ការ​ទទួលបាន​សេវា​ប្រកប​ដោយ​គុណភាព និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋដែលត្រូវការជំនួយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia