ព័ត៌មាន
រដ្ឋមន្រ្ដីការបរទេសកម្ពុជា-ថៃ ជួបគ្នានៅជប៉ុន ជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះឱ្យឆាប់ពិភាក្សាគ្នាដោះស្រាយបញ្ហាព្រំដែន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សាដៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប៉ះទង្គិចនេះបានកើតឡើងបន្ទាប់ពីយោធាថៃ បើកការវាយប្រហារមកលើកងកម្លាំងឈរជើងរបស់កម្ពុជានៅក្នុងតំបន់ខាងលើនេះ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែល កើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពប្រកាន់ស្មារតីនៃការគោរពនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។
ជាមួយនឹងការប្តេជ្ញាដ៏មុះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន៕


-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប