Connect with us

ព័ត៌មាន

ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ១១ ៩៧០ កន្លែង ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិត ៥០០ នាក់ ក្នុងនោះក៏មានអតីតពលករវិលត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ៩ ម៉ឺនកន្លែងនៅទូទាំងប្រទេស ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានខិតខំផ្សារភ្ជាប់ឱកាសការងារទាំងនោះទៅកាន់ប្រជាពលរដ្ឋដោយផ្ទាល់ តាមរយៈការនាំយកឱកាសការងារពីក្រុមហ៊ុន រោងចក្រ សហគ្រាស សមាគម និងតំបន់សេដ្ឋកិច្ចពិសេស មកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីឱ្យអ្នកស្វែងរកការងារអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។

លោកជំទាវបានគូសបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើត និងពង្រីកឱកាសការងារ កាត់បន្ថយចំណាយ និងពេលវេលាក្នុងការស្វែងរកការងារ ព្រមទាំងធ្វើឱ្យសេវាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលជំនាញកាន់តែខិតជិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកជំទាវបានលើកឡើងថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងបន្តអនុវត្តបេសកកម្មក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ ការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ។ លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ដែលកំពុងមានសម្បូរបែបដែលអាចជួយកសាងជីវភាពនៅស្រុកកំណើត ប្រកបដោយស្ថិរភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងពីគុណសម្បត្តិនៃការងារក្នុងស្រុក ដោយបញ្ជាក់ថា ក្រៅពីអាចរស់នៅជួបជុំក្រុមគ្រួសារ បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធននិវត្តន៍។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានរំលេចអំពីហានិភ័យដែលអាចកើតមានចំពោះការងារចំណាកស្រុក ដូចជា បញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារសុខភាព និងការនៅឆ្ងាយពីក្រុមគ្រួសារ។ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទៅបំពេញការងារនៅក្រៅប្រទេស លោកជំទាវបានណែនាំឱ្យជ្រើសរើសយកក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ ដើម្បីធានាសុវត្ថិភាព និងទទួលបានប្រាក់ឈ្នួលខ្ពស់ រួមទាំងអត្ថប្រយោជន៍ជាការងារត្រឹមត្រូវ។

លោកជំទាវរដ្ឋលេខាធិការក៏បានសង្កត់ធ្ងន់ថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងពង្រឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដោយក្នុងខេត្តកំពង់ឆ្នាំង មានគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ផ្ដល់សេវាបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋជាច្រើន។ តាមរយៈកម្មវិធី TVET ១,៥ លាន អតីតពលករ និងយុវជនអាចចុះឈ្មោះសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើន ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសម្ផស្សជាដើម។ ក្រសួងក៏បានដាក់ចេញនូវប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលអនុញ្ញាតឱ្យបងប្អូនអាចស្នើសុំធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញផ្លូវការផងដែរ។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទជំនួយរហ័សនិងនាំសំណាង Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារចំនួន ១១ ៩៧០ កន្លែង ដែលត្រូវបាននាំយកមកផ្សព្វផ្សាយក្នុងវេទិកានេះ មានការចូលរួមផ្ដល់ដោយរោងចក្រ ក្រុមហ៊ុន សមាគម និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើន រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី, រោងចក្រ មីនេបៀ (ខេមបូឌា) ខេត្តពោធិ៍សាត់, សមាគម និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) និងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍, ក្រុមហ៊ុន មង្គល អេចអ ឯ.ក ដែលជ្រើសរើសពលករទៅបំពេញការងារនៅប្រទេសជប៉ុន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia