ព័ត៌មាន
ប្រមុខកងទ័ពកម្ពុជា៖ កម្ពុជាស្រលាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម ប៉ុន្តែកម្ពុជាមិនបណ្តែតបណ្តោយឲ្យអ្នកឈ្លានពានទឹកដីខ្លួនឡើយ
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជាស្រលាញ់សន្តិភាព ហើយស្អប់ខ្ពើមសង្គ្រាម ប៉ុន្តែកម្ពុជាក៏មិនរាថយនោះដែរ ក្នុងករណីមានការឈ្លានពានពីសត្រូវ ខណៈពេលនេះកងទ័ពកម្ពុជា បានកំពុងប្រុងប្រៀបត្រៀមប្រយុទ្ធ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដោយមិនញញើតក្នុងការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិនោះឡើយ។
ការលើកឡើងរបស់របស់ប្រមុខកងទ័ពកម្ពុជារូបនេះ គឺបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នវិក្រឹតការ ដល់នាយទាហានទ័ពជំនាញទ័ពជើងគោកថ្នាក់អនុសេនីយ៍ជំនាន់ទី១ នៅវិទ្យាស្ថាននាយទាហានចម្រុះ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះនៅខេត្តកំពង់ស្ពឺ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់កងយោធពលខេមរភូមិន្ទ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។
ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់រាជរដ្ឋាភិបាលកងទ័ពក៏ បានប្រុងប្រៀបជាស្រេចត្រៀមប្រយុទ្ធតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដោយមិនញញើតក្នុងការលះបង់សាច់ស្រស់ឈាមស្រស់ ការពារជាតិមាតុភូមិទោះក្នុងតម្លៃណាក៏ដោយនោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា« ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យជួយកាត់ក្តីវិវាទជាមួយថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣នោះ គឺជាការត្រឹមត្រូវ ដែលជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប»។
ឯកឧត្តម បានបន្ថែមទៀតថា ការជ្រើសរើសយកយន្តការតុលាការយុត្តិធម៌អន្តរជាតិ គឺជាដំណើរការទៅមុខឥតដកថយ និងប្រកបដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដើម្បីយុតិ្តធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងសម្រាប់កូនចៅជំនាន់ក្រោយ។
នៅក្នុងឱកាសនោះដែរនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីហេតុការណ៍ការឆ្មក់ចូលមកវាយប្រហារលើកងទ័ពកម្ពុជាពីសំណាក់កងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ឧសភា នៅចំណុចព្រំដែនមុំ៣ ខេត្តព្រះវិហារ បណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់បាត់បង់ជីវិត និងបានបង្កឱ្យស្ថានភាពនៅតំបន់ព្រំដែនឡើងកម្ដៅ។
យ៉ាងណាក៏ដោយក្នុងកាលៈទេសៈនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីការចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិភាព និងផ្អែកលើច្បាប់បច្ចេកទេសអន្តរជាតិ ជាមួយនោះ កម្ពុជាក៏រក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ បើសិនជាមានការឈ្លានពានលើដីកម្ពុជា៕អត្ថបទ ៖ បាន ចក់






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត