ព័ត៌មាន
ពលករខ្មែរទើបមកពីប្រទេសថៃ និងសហជីពនៅកម្ពុជា អំពាវនាវឱ្យពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃត្រឡប់មកស្រុកកំណើតវិញ ខណៈក្នុងស្រុកមានការងាររាប់ម៉ឺនកន្លែង
ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។

លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅតំបន់សេដ្ឋកិច្ចចេជាង ខេត្តកោះកុង បាននិយាយថា លោកស្រីបានទទួលការងារធ្វើភ្លាមៗបន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារនោះទេ។
លោកស្រីថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះទេការងារធ្វើ រាជរដ្ឋាភិបាល រៀបចំការងារល្អៗឱ្យធ្វើ មានទីកន្លែងស្នាក់នៅល្អៗ ។ មកដល់ភ្លាមមានការងារធ្វើភ្លាម ថៅកែល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ បាយទឹកឱ្យអត់មានការលំបាកអីទេ»។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា អ្វីដែលជាការព្រួយបារម្ភបំផុតនោះគឺ ក្រុមជ្រុលនិយមថៃ តែងតែយកពលករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ធ្វើជាសត្រូវរបស់ខ្លួនហើយមានចេតនាចង់យាយីធ្វើបាបគ្រប់រូបភាព ហេតុនេះអ្វីដែលល្អបំផុត សូមឱ្យបងប្អូនវិលត្រឡប់មកធ្វើការក្នុងស្រុកវិញ។
លោកថ្លែងថា៖«បើនៅប្រទេសថៃត្រូវគេមើលងាយមើលថោក គេមានចេតនាចង់យាយីធ្វើបាបយ៉ាងណានោះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរយើងត្រឡប់មកធ្វើការងារក្នុងស្រុកវិញ ព្រោះស្រុកយើងឥឡូវមិនខ្វះការងារធ្វើទេ រោងចក្រសហគ្រាស ក្រុមហ៊ុននៅកម្ពុជាត្រូវការកម្លាំងពលកម្មជាច្រើនម៉ឺននាក់ ហើយក្រសួងការងារបានយកចិត្តទុកដាក់ជូនបងប្អូនដល់កន្លែងការងារតែម្តង»។

លោក ហង្ស រ៉ាវី ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លើកឡើងថា កម្ពុជាបច្ចុប្បន្នមានការងារសម្បូរបែបរាប់សិបម៉ឺនកន្លែង ពោលគឺកម្ពុជាមិនខ្វះការងារសម្រាប់បងប្អូនពលករខ្មែរត្រឡប់ពីប្រទេសថៃមកប្រទេសកំណើតវិញនោះទេ។ លោកថា ការត្រឡប់មកធ្វើការងារនៅក្នុងប្រទេសវិញ គឺជាការចាំបាច់ និងបង្ហាញពីមនសិការស្នេហាជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ការងារក្នុងស្រុកកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត
លោកថ្លែងថា៖«ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរនៅប្រទេសថៃឱ្យត្រឡប់មកស្រុកកំណើតវិញ បង្ហាញពីឆន្ទៈក៏ដូចជាមនសិការស្នេហាជាតិ ហើយនៅកម្ពុជាយើងមានឱកាសការងាររាប់សិបម៉ឺនកន្លែងចាំទទួលបងប្អូន»៕






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត