ព័ត៌មាន
ក្នុងខែមិថុនាឆ្នាំ២០២៥នេះ សមត្ថកិច្ចទទួលបណ្ដឹងពីពលរដ្ឋ និងស្រាវជ្រាវបង្ក្រាបបានជិត៣០០ករណី តាមរយៈApp NoDrug
ភ្នំពេញ៖ App NoDrug បានក្លាយជាមធ្យោបាយមួយដ៏ប្រជាប្រិយភាពក្នុងការប្រើប្រាស់ ដើម្បីរាយការណ៍ពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ចជំនាញ សំដៅដល់ការបោសសម្អាតគ្រឿងញៀនចេញពីភូមិឋានរបស់ប្រជាពលរដ្ឋ តាមអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីទូរស័ព្ទមួយនេះ គឺយន្ដការដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ដល់អ្នកដែលរាយការណ៍ផងដែរ។
លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានឲ្យដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងរយៈពេលពេញមួយខែមិថុនាកន្លងទៅ ក្រុមការងារអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ (២៤/៧) នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ទទួលបានការរាយការណ៍សរុប ចំនួន២៨៩ករណី ក្នុងនោះបានដោះស្រាយ និងឈានដល់ការបង្ក្រាបចំនួន២០៩ករណី។ ដោយឡែក ចំនួននៅសេសសល់កំពុងធ្វើការស្រាវជ្រាវ និងខ្លះទៀតជាករណីដដែលដែលសមត្ថកិច្ចធ្លាប់បង្ក្រាបតែពលរដ្ឋរាយការណ៍ម្ដងទៀត។
លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាក់បន្ថែមទៀតថា ជារៀងរាល់ថ្ងៃ សមត្ថកិច្ចជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺតែងទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋលើបញ្ហាគ្រឿងញៀន តាមមធ្យោបាយ App NoDrug។
បើតាមលោកឧត្តមសេនីយ៍ទោ បន្តទៀតថានៅពេលទទួលបានសេចក្ដីរាយការណ៍ សមត្ថកិច្ចនៃអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជូនទៅព័ត៌មានទាំងអស់នោះ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋានភ្លាមៗ ដើម្បីចាត់វិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីគ្រឿងញៀន ដែលជាអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច។
អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានអះអាងទៀតថា ក្នុងរយៈពេល៤៣៦ថ្ងៃ (គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥) ក្រុមការងារអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ (២៤/៧) នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug ទទួលបានការរាយការណ៍សរុប ចំនួន១,៧៦៤ករណី ក្នុងនោះបានដោះស្រាយ និងឈានដល់ការបង្ក្រាបចំនួន១,៣១០ករណី។
សូមរំលឹកថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តែងលើកទឹកចិត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីធ្វើជាភ្នែក ច្រមុះ និងត្រចៀករបស់សមត្ថកិច្ចយើង ក្នុងការរាយការណ៍ ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលយើងរស់នៅ ក៏ដូចជាទទួលបានសារអប់រំទូលំទូលាយផងដែរ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានកត់សម្គាល់ថា កន្លងទៅធ្លាប់ឮប្រជាពលរដ្ឋខ្លះលើកឡើងអំពីបញ្ហាគ្រឿងញៀន នៅក្នុងភូមិឋានរបស់ខ្លួន ហើយខ្លះទៀតបង្ហោះនៅតាមបណ្ដាញសង្គមជាដើម ប៉ុន្ដែឥលូវនេះលោកចង់ឲ្យពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតពីការរអ៊ូ ឬលើកឡើងតាមបណ្ដាញសង្គម ប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug ដើម្បីរាយការណ៍ពីករណីគ្រឿងញៀន នៅក្នុងសងហគន៍ ដើម្បីយកបញ្ហានោះចេញពីមូលដ្ឋានតែម្ដង។
ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានអះអាងទៀតថា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានក្រុមប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង ដើម្បីចាំទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ហើយជាពិសេសរាល់ការរាយការណ៍នោះ គឺមានលក្ខណៈសម្ងាត់ និងមានសុវត្ថិភាពខ្ពស់បំផុតដល់អ្នករាយការណ៍៕
អត្ថបទ៖ កុម្ភៈ








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត