ព័ត៌មាន
ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតដើម្បីលើកកម្ពស់គុណភាពសេវាសុខភាពមាតា និងទារកនៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិគាំពារមាតាទារក និងមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការគាំទ្រថវិកានិងបច្ចេកទេសពីអង្គការUNFPA និងរដ្ឋាភិបាលអូស្រ្តាលី បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិទំាងបួន ដូចជា៖ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យជ័យវវ្ម័នទី៧ និងមន្ទីរពេទ្យកុមារជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់មន្ទីរពេទ្យជាតិ ទាំង៤ ឱ្យកាន់តែប្រសើរសំដៅចូលរួមពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកស្រី Tegan Park លេខាទី១ ស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំប្រទេសកម្ពុជា និងលោក លោកស្រី ដែលជាគ្រូបង្គោលថ្នាក់ជាតិ មន្ទីរពេទ្យជាតិទាំង៤ តំណាងអង្គការដៃគូអភិវឌ្ឍន៍ WHO និង UNICEFនិង ដៃគូអភិវឌ្ឍសុខាភិបាលទាំងអស់, នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីជំរុញការយល់ដឹង និងពង្រឹង សមត្ថភាពរបស់សិក្ខាកាមផ្នែកសុខាភិបាល ដែលជាអ្នកជួបប្រទះ និងដោះស្រាយបញ្ហាសុខភាព សាធារណៈពិសេសបញ្ហាមរណភាពមាតា និងទារកជុំវិញកំណើតនៅក្នុងប្រទេសកម្ពុជា ព្រោះថាបញ្ហាមរណភាពស្ត្រីមានផ្ទៃពោះ និងទារក គឺជាបញ្ហាសុខាភិបាលសាធារណៈដ៏ធ្ងន់ធ្ងរមួយ ដែលទាមទារឱ្យយើងមានការសហការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកមូលហេតុ និងអនុវត្តវិធាន ការណ៍ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយបញ្ហានេះ។
លោកសាស្ត្រាចារ្យរង បានបន្តថា ការជឿជាក់លើសមត្ថភាព និងឆន្ទៈរបស់យើងទាំងអស់គ្នា ជាពិសេសតាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជាដំណើរដ៏សំខាន់មួយ ក្នុងការបង្កើនចំណេះដឹង ការចែករំលែកបទពិសោធន៍ និងការច្នៃប្រឌិតវិធីសាស្ត្រថ្មីៗ ក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលរបស់យើងឱ្យកាន់តែប្រសើរឡើង។ លោកសាស្ត្រាចារ្យរង លូ លីឃាង មានជំនឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ការអភិវឌ្ឍ សេវាសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកនៅកម្ពុជា។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ភាពជោគជ័យនៃអនុវត្តប្រព័ន្ធ MPDSR ទៅដល់ថ្នាក់រាជធានី-ខេត្ត និងមូលដ្ឋានសុខាភិបាលរាជធានី-ខេត្ត និងស្រុក គឺអាស្រ័យលើការចូលរួមរបស់មន្ទីរពេទ្យជាតិទាំង៤ ដែលត្រូវបន្តបណ្តុះបណ្តាលគ្រូបង្គោលដល់គណៈកម្មការMPDSR រាជធានី-ខេត្តទាំង២៥ នៅពេលខាងមុខ ទៅតាមរចនាសម្ព័ន្ធមេត្រីភាព រវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យរាជធានី-ខេត្តរបស់ខ្លួន។
លោកជំទាវសាស្ត្រាចារ្យ បានអំពាវនាវដល់សិក្ខាកាមទាំងអស់ មេត្តាប្រើប្រាស់ពេលវេលា៥ថ្ងៃនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹងទាំងនេះសម្រាប់មន្ទីរពេទ្យខ្លួន ក៏ដូចជាការបណ្តុះបណ្តាលដល់គណៈកម្មការ MPDSR ថ្នាក់រាជធានី-ខេត្ត ។
លោកជំទាវសាស្ត្រាចារ្យ បានបន្តទៀតថា ក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងពង្រឹងគុណភាពនៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធពិនិត្យមរណភាពមាតា-ទារក និងឆ្លើយតប និងពង្រីកប្រសិទ្ធភាពនៃប្រព័ន្ធទៅគ្រប់មូលដ្ឋានសុខាភិបាលខេត្ត-រាជធានីទាំងអស់ ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្និអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅ គ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ២០៣០។
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានជួយគាំទ្រទាំងបច្ចេកទេស និងថវិកា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យព្រះអង្គឌួង គ្រូបង្គោលថ្នាក់ជាតិ និងដៃគូពាក់ព័ន្ធ ដែលបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងបន្តគាំទ្រ តាមរយៈការបង្កើតប្រព័ន្ធតាមដានវឌ្ឍនភាពការងារ MPDSR តាមប្រព័ន្ធអនឡាញ ការចែករំលែកភស្តុងតាងរកឃើញថ្មី និងផ្តោតលើការឆ្លើយតប ដែលជាសមាសភាគសំខាន់នៃប្រព័ន្ធ MPDSR៕
អត្ថបទ រដ្ឋា


















-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត