ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាពនានា ដែលទាហានឈុតខ្មៅរបស់ថៃបានប៉ុនប៉ងបង្កហេតុនៅតំបន់មានវិវាទ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅថ្ងៃទី៩ កក្កដានេះ បានសរសេរនៅលើបណ្ដាញសង្គមថា ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាពនានា ដែលទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុដោយយករូបបដិមាព្រះមកតម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជំលោះ។
ឯកឧត្តមបន្តថា សកម្មភាពនេះ និងទង្វើរដ៏គឃ្លើនផ្សេងៗទៀតនាពេលថ្មីៗនេះ បានរំលឹកបន្ថែមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជនថា គ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រទេសជិតខាងនេះ តែងប្រឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែសកម្មភាពជាក់ស្តែង ប្រាសចាកទាំងស្រុងពីការអះអាងរបស់ពួកគេ។កាយវិការ និងទង្វើទាំងនេះ មិនបានបង្ហាញពីចេតនាណាមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នោះទេ ផ្ទុយទៅវិញបែរជាទង្វើបង្កើននូវកម្តៅ ដែលពួកគេចង់ឆ្លៀតឱកាស។
ឯកឧត្តម បានបន្តថា ទង្វើ និងសកម្មភាពរបស់គេ ជាការរំលឹកនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ដូចដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែបានលើកឡើងជាប្រចាំ និងជាបន្តបន្ទាប់។ ក្នុងនោះ ការបោះបង្គោលព្រំដែនជាមួយភាគីថៃត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ឈរលើមូលដ្ឋាននៃអនុស្សរណៈឆ្នាំ២០០០ និងដោយឡែក លើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលត្រូវការចូលរួមដោះស្រាយដោយសន្តិវិធីតាមរយៈភាគីទី៣ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិឡាអេ (ICJ)។
បើតាម ឯកឧត្តម ហ៊ុន ម៉ានី កត្តាឈ្លានរបស់ប្រទេសជិតខាងនេះហើយ ឯកឧត្តម ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្នុងនាមជាខឿនការពារជាតិប្រជាជន ពេលនេះ ម៉ោងនេះ យើងត្រូវចងចាំថាហានិភ័យ ការគំរាមកំហែង ការប្រមាថ ការប៉ុនប៉ងធ្វើសកម្មភាពឈ្លានពានការរំលោភបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង តែងតែកើតមានជាប្រចាំ។ពិសេស ស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា យើងត្រូវតែរួបរួមសាមគ្គីគ្នាដើម្បីការពារកិត្តិយសជាតិ ការពារជាតិ ការពារបូរណភាពទឹកដីរបស់យើង ហើយគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីធានានិរន្តរភាពបានយូរអង្វែង ក្នុងការដោះស្រាយបញ្ហាបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត