ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាន និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី ៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥% នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគម។ ក្រៅពីប្រតិបត្តិការអាជីវកម្ម, សមាគមក៏បានចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន, មណ្ឌលសុខភាព និង ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ជាដើម។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងការកោតសរសេីរ និងអបអរសាទរចំពោះសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលធានាបាននូវការផ្គត់ផ្គង់ស៊ីម៉ងត៍លេីទីផ្សារក្នុងស្រុក។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានស្វាគមន៍ចំពោះស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់សមាគម ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវបរិមាណផលិតកម្ម, គុណភាព និង ស្តង់ដារផលិតផល ព្រមទាំងរក្សាបានសមត្ថភាពប្រកួតប្រជែងរបស់សមាគម។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលរាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។ បន្ថែមពីនេះ, សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់សមាគម ក៏ដូចជាបណ្តាក្រុមហ៊ុន, រោងចក្រ និង សហគ្រាសឯកជន ថា ដេីម្បីធានាបានភាពប្រកួតប្រជែង និងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចំពោះផលិតផលរបស់ខ្លួន, អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាននូវគុណភាពល្អ ជាមួយតម្លៃសមរម្យ។
ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែរឹងមាំបន្ថែមទៀត។
មុននឹងបញ្ចប់, សម្ដេចធិបតី បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលនឹងបន្តជួយជ្រោមជ្រែង និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានជំនឿទុកចិត្ត និងបន្តពង្រីកការបោះទុនវិនិយោគនៅកម្ពុជា៕










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត