ព័ត៌មាន
ឯកឧត្ដម រិន វីរៈ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីសមាហរណកម្មការតាមដានត្រួតពិនិត្យ និងរាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីសមាហរណកម្មការតាមដានត្រួតពិនិត្យ និងរាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា នៅសណ្ឋាគារ ណូវ៉ូតែលភ្នំពេញ រាជធានីភ្នំពេញ។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សារួមគ្នាទៅលើទិដ្ឋភាពសំខាន់ៗដែលទាក់ទងនឹងទិន្នន័យស្ថិតិដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា និងសកល ក៏ដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (PS-1)។
ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម រិន វីរៈ បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការអនុវត្តរយៈពេល៥ឆ្នាំ ស្របតាម PS-1 ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព គឺជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លើសពីនេះទៀត NSDP ត្រូវបានរៀបចំឡើងដោយមានការរួមបញ្ចូល CSDG ក៏ដូចសង្គតភាពជាមួយរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពសាកលសម្រាប់ ឆ្នាំ២០៣០ ពោលគឺ SDG។
ឯកឧត្តម បានបន្ថែមទៀតថា វិទ្យាស្ថានជាតិស្ថិតិ ដោយអនុលោមតាមច្បាប់ស្តីពីស្ថិតិ និងតាមរយៈការអនុវត្ត គោលនយោបាយស្ថិតិផ្លូវការ ក៏ដូចជាយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ដែលជាក្របខ័ណ្ឌការងារអភិវឌ្ឍន៍ស្ថិតិគ្របដណ្តប់ប្រព័ន្ធស្ថិតិជាតិទាំងមូល ក្នុងនោះរួមមានការធ្វើជំរឿន ការអង្កេត ការប្រើប្រាស់ ទិន្នន័យរដ្ឋបាល ព្រមទាំងការប្រើប្រាស់ទិន្នន័យធំ (Big Data) សម្រាប់គាំទ្រដល់ដំណើរតាមដាននិងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត CSDG/SDG, NSDP, PS-1 រួមទាំងសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងសម្រាប់អ្នកប្រើប្រាស់ទូទៅដ៏ទូលំទូលាយ។ ម្យ៉ាងវិញទៀត ច្បាប់ស្តីពីស្ថិតិដែលបានធ្វើវិសោធនកម្ម ក្នុងឆ្នាំ២០១៥ បានកំណត់យ៉ាងច្បាស់ប្រព័ន្ធស្ថិតិជាតិគឺជា “សមាហរណកម្ម នៃស្ថិតិថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងហេដ្ឋារចនាសម្ព័ន្ធស្ថិតិ រួមបញ្ចូលទាំងទិន្នន័យស្ថិតិផ្លូវការ និងកម្មវិធីស្ថិតិជាតិ រចនាសម្ព័ន្ធស្ថិតិ និងអង្គភាពស្ថិតិក្នុងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីស្ថិតិ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត”។ ច្បាប់ស្តីពីស្ថិតិក៏បានកំណត់យ៉ាងច្បាស់ផងដែរ អំពីតួនាទីនិងភារកិច្ចរបស់វិទ្យាស្ថានជាតិស្ថិតិ (NIS) គឺជាការិយាល័យស្ថិតិជាតិកណ្តាល ជាអ្នកសម្របសម្រួល និងប្រមូលចងក្រង កែច្នៃ វិភាគ និងផ្សព្វផ្សាយ ទិន្នន័យស្ថិតិ បម្រើដល់សេចក្តីត្រូវការអ្នកប្រើប្រាស់ និងផ្តល់ជាភ័ស្តុតាងសម្រាប់អ្នករៀបចំគោលនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្តនានា ជាពិសេសសម្រាប់ការតាមដានវឌ្ឍនភាព CSDG/SDG។
ជាមួយគ្នានេះ ការប្រែក្លាយវិទ្យាស្ថានជាតិស្ថិតិទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ បានបង្កើតកាលានុវត្តភាពថ្មីសម្រាប់ការកែលម្អយន្តការសម្របសម្រួលនៃកិច្ចខិតខំប្រឹងប្រែងទៅលើការពង្រឹងប្រព័ន្ធតាមដាន និងត្រួតពិនិត្យនៅថ្នាក់ជាតិ។ ក្នុងបរិការណ៍នេះ ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងរាយការណ៍ SDG ត្រូវបានកំណត់ថាជាអាទិភាពដ៏ចំបង។ ជាមួយនេះនៅក្នុងក្របខ័ណ្ឌនៃការអនុវត្ត PS-1, NSDP និង CSDG ក៏ដូចតួនាទីរបស់ NIS ក្នុងការសម្របសម្រួល និងការរាយការណ៍/ផ្តល់ទិន្នន័យសម្រាប់សូចនាករ PS-I KPIs, សូចនាករ NSDP M&E និងសូចនាករ CSDG/SDG។
នៅទីបញ្ចប់ ឯកឧត្តមមានប្រសាសន៍ថា មានជំនឿយ៉ាងមុតមាំអង្គសិក្ខាសាលាទាំអមូលនឹងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងចែករំលែកបទពិសោធន៍ល្អៗ ហើយមិនត្រឹមតែ NIS និងអង្គភាពស្ថិតិនៃក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាការសម្របសម្រួលស្ថិតិនៃប្រព័ន្ធស្ថិតិជាតិ និងក្រុមការងារអន្តរក្រសួងនៃគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្ត CSDG ទទួលបាននូវកាលានុវត្តភាពកាន់តែប្រសើរក្នុងការពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌនៃ សមារណកម្មការតាមដានត្រួតពិនិត្យ និងការរាយការណ៍សម្រាប់ CSDG ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការចូលរួមគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍កាន់តែទូលំទូលាយ ក្នុងការលើកកម្ពស់ការសម្របសម្រួលស្ថាប័នសម្រាប់ទិន្នន័យ SDG ស្របតាមសកម្មភាពអាទិភាពដែលបានកំណត់នៅក្នុង NSDP និង PS-I របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាមកចូលរួមសិក្ខាសាលានាពេលនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNESCAP ជាពិសេសសូមអរគុណចំពោះអង្គភាពស្ថិតិរបស់ UNESCAP ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំនូវសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។













-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 day agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ