ព័ត៌មាន
ប្រជាពលរដ្ឋជិត១០ម៉ឺននាក់ជិះរថយន្តក្រុងមិនគិតថ្លៃទៅមកតាមបណ្ដាខេត្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥
ភ្នំពេញ ៖ រយៈពេល ៦ថ្ងៃ ដែលរថយន្តក្រុងសាធារណៈបានដាក់ឱ្យពលរដ្ឋជិះដោយមិនគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ មានប្រជាពលរដ្ឋជិត១០ម៉ឺននាក់ជិះប្រកបដោយសុវត្ថិភាព។
រយៈពេល ៦ថ្ងៃនៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ មានប្រជាពលរដ្ឋប្រមាណជិត១០ម៉ឺននាក់បានទទួលសេវាជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា រយៈពេល ៦ថ្ងៃ មានប្រជាពលរដ្ឋសរុបចំនួន ៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១.៣៦០នាក់ គឺឆ្នាំនេះ កើនឡើងប្រមាណ ៣០%។
លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា អ្វីដែលល្អថែមទៀតនោះ គឺប្រជាពលរដ្ឋដែលជិះរថយន្តក្រុងមានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរនោះទេ ពោលគឺសុវត្ថិភាព១០០ភាគរយ។ ប្រជាពលរដ្ឋដែលនាំគ្នាជិះរថយន្តក្រុងសាធារណៈចំណេញថវិកាផ្ទាល់ខ្លួនម្នាក់ៗប្រមាណ៨ម៉ឺនរៀល ឬ២០ដុល្លារ ដោយមិនបានចំណាយដល់ការធ្វើដំណើរដោយរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន។ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនី ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម មានកំណើនកើនឡើងជាលំដាប់។ ការកើនឡើងពីចំនួនអ្នកជិះរថយន្តក្រុងសាធារណៈនេះ គឺដោយសារតែប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះពួកគាត់ទទួលបានសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សំរាប់ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះរថយន្តក្រុងចំនួន ១០០គ្រឿងប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ។ រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន៧គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត