Connect with us

ព័ត៌មាន

កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី

នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ចប់អាណត្តិ​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ដែលបានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, បណ្តុះបណ្តាលវិជ្ជាជីវៈ, កសិកម្ម,​ វប្បធម៌,​ ការពារជាតិ និងសន្តិសុខ​ ជាដេីម។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានអបអរសាទរចំពោះការដាក់ចេញនូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជា និងហ្វីលីពីន ជាពិសេស កិច្ចសហការស្អិតរមួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាលើការងារនេះ។ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​បន្តថា​ សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបទី៧០ឆ្នាំ

នៃការបង្កេីតទំនាក់ទំនងការទូត​ រវាងហ្វីលីពីន និងកម្ពុជា ដែលនេះជាពេលវេលាដ៏សំខាន់ ដែលប្រទេសទាំងពីរត្រូវបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានក៏បានគូសបញ្ជាក់ថា​ ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នៅនឹង​បន្ត​អនុវត្ត​បេសកកម្ម ​ប្រកប​ដោយ​តម្លាភាព និង​អព្យាក្រឹត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់លោកជំទាវឯក​អគ្គរដ្ឋទូត​ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកជំទាវ​ឯកអគ្គរដ្ឋទូត​ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងហ្វីលីពីន នៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ​ និង​ខ្លាំងក្លា ជាពិសេស, លើវិស័យកសិកម្ម និងទេសចរណ៍។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន​ ដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia