ព័ត៌មាន
កម្ពុជា និង ILO ឯកភាពគ្នាលើសកម្មភាពអាទិភាពដែលត្រូវបន្តធ្វើ ដើម្បីផ្តល់ការងារសមរម្យ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧” នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅភ្នំពេញ។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការបន្តអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ (ILO) សមាគមនិយោជក និងសហជីព សរុបប្រមាណ ១០០រូប។
គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងផ្ដល់សុពលភាពលើសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២៦-២០២៧ ដែលផ្ដោតលើអាទិភាពសំខាន់ៗចំនួន៣ រួមមាន (១) ការលើកកម្ពស់ការពង្រឹងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងនិងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម និងការធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មទីផ្សារការងារ, (២) ការលើកកម្ពស់សេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព បរិយាបន្ន ឌីជីថលនីយកម្ម និងឱ្យមានការចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធច្រើនជាងមុន, និង (៣) លើកកម្ពស់កិច្ចសន្ទនាសង្គម សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិនៅកន្លែងធ្វើការស្របតាមបទដ្ឋានការងារជាតិ និងអន្តរជាតិ។ លើសពីនេះ កម្មវិធីនេះក៏មានគោលដៅពង្រឹងសមត្ថភាពសមាជិកត្រីភាគី ក្នុងការគ្រប់គ្រង និងតាមដានការអនុវត្តកម្មវិធី DWCP ដើម្បីធានាបាននូវនិរន្តរភាព និងភាពជាម្ចាស់ក្នុងកម្រិតជាតិ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងសកម្មរបស់អង្គការ ILO និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានជ្រោមជ្រែងឱ្យកម្មវិធីការងារសមរម្យនៅកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តមបានរំឭកថា កម្ពុជាគឺជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានអនុវត្តកម្មវិធី DWCP នេះយូរជាងគេបំផុត ចាប់តាំងពីឆ្នាំ២០០៥ មក ហើយការឈានដល់ដំណាក់កាលទី៦ នាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមនៃកំណើនកម្លាំងពលកម្មថ្មីជារៀងរាល់ឆ្នាំ ដោយបានសង្កត់ធ្ងន់ថា ការទាក់ទាញវិនិយោគថ្មីៗគឺជាកត្តាចាំបាច់បំផុតដើម្បីបង្កើតឱកាសការងារ។ ឯកឧត្តមបានជំរុញឱ្យអង្គការ ILO បន្តជួយអភិវឌ្ឍសមត្ថភាពដល់ភាគីពាក់ព័ន្ធ និងបានគូសបញ្ជាក់ថា ប្រសិនបើភាគីនិយោជកយល់ដឹងច្បាស់ពីច្បាប់ស្តីពីការងារ និងមានទំនាក់ទំនងល្អជាមួយកម្មករនិយោជិត នោះវានឹងជួយកាត់បន្ថយវិវាទការងារ និងបង្កើនសុវត្ថិភាពក្នុងកន្លែងធ្វើការយ៉ាងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានបង្ហាញនូវជំនឿចិត្តថា ផែនការការងារថ្មីនេះនឹងកំណត់អាទិភាពកាន់តែច្បាស់លាស់ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់កម្មករនិយោជិត និងប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត