Connect with us

កីឡា

គួច សុកុម្ភៈ ត្រូវបានដាក់ឲ្យខ្ចីជើងសម្រាប់រដូវកាលថ្មី ក្រោយបន្ដកិច្ចសន្យាជាមួយណាហ្គាវើលដ៏

កីឡាករ គួច សកុម្ភៈ ត្រូវបានក្លិបណាហ្គាវើលដ៏ ប្រកាសផ្ទេរទៅកាន់ក្លិបថ្មីមួយទៀត ក្រោម​លក្ខខណ្ឌ​ខ្ចីជើង ដើម្បីត្រៀមបន្ដអាជីព និងចែករំលែកបទពិសោធន៍​បាល់ទាត់របស់​ខ្លួនលើទីលាន ក្រោយក្លិបមានមូលដ្ឋាន នៅខេត្តកំពង់ស្ពឺនេះ បានប្រកាសបន្ដកិច្ចសន្យាថ្មី ជាមួយម្ចាស់អាវលេខ១០ បន្ដទៀត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ប្រភពដដែលបានបញ្ជាក់ថា ណាហ្គាវើលដ៏ បានសម្រេចចុះកិច្ចសន្យាបន្ដជាមួយ គួច សុកុម្ភៈ តែក្រោយការពិភាក្សារវាងភាគីពាក់ព័ន្ធ កីឡាករវ័យជិត ៤០ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្លិបកម្ពុជាមួយ ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលខាងមុខ ដើម្បីបន្តនឹងឱកាសលេងជាប្រចាំ និងរួមចំណែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួននៅលើទីលាន។

បែបនេះក្ដី ណាហ្គាវើលដ៏ បានចាត់ទុក គួច សុកុម្ភៈ គឺជាកីឡាករឆ្នើមមួយរូប សម្រាប់ក្លិប ក៏ដូចជាវិស័យបាល់ទាត់កម្ពុជាពេញមួយអាជីពរបស់ខ្លួន ដែលជាកីឡាករគួរឲ្យគោរពនៅក្នុងក្លិប។ ជាមួយការផ្ទេរក្រោមលក្ខខណ្ឌខ្ចីជើង ដោយមិនទាន់បញ្ជាក់ក្លិបត្រូវចូលរួមនេះដែរ ថ្នាក់ដឹកនាំក្លិបណាហ្គាវើលដ៏ ក៏បានជូនពរឲ្យ សុកុម្ភៈ ទទួលបានជោគជ័យបន្ថែមទៀតក្នុងបេសកកម្មលើសមរភូមិវាលស្មៅនាពេលលខាងមុខ។

គួរដឹងថា បច្ចុប្បន្ន គួច សុកុម្ភៈ ត្រូវបានចាត់ទុកជាកីឡាករវ័យចំណាស់ជាងគេ លំដាប់ទី២ បន្ទាប់ពីប្រធានក្លិប ISI ដង្កោសែនជ័យ ដែលត្រូវបន្ដសុពលភាពក្នុងនាមកីឡាករអាជីពនៅក្លិបរបស់ខ្លួន កាលពីថ្មីៗ។ ក្រោមលក្ខខណ្ឌខ្ចីជើង ដែលនឹងត្រូវបន្ដអាជីព នារដូវកាលថ្មីខាងមុខ គឺជាឆ្នាំ២២ ដែលកីឡាករមានដើមកំណើតពីខេត្តកំពង់ធំរូបនេះ ត្រូវប្រឡូកអាជីពនៅលីគកំពូលកម្ពុជា ខណៈជាង ២ទសវត្សរ៍កន្លងមក សុកុម្ភៈ បានលេងឲ្យក្លិបចំនួន ៣ ប៉ុណ្ណោះ គឺក្រុមខេមរាកីឡា នៅចន្លោះឆ្នាំ២០០៥-២០១០, ក្លិបភ្នំពេញក្រោន ចន្លោះឆ្នាំ២០១០-២០១៥ និងក្លិបណាហ្គាវើលដ៏ ចន្លោះឆ្នាំ២០១៥ ដល់បច្ចុប្បន្ន៕អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia