ព័ត៌មាន
ក្រុមហ៊ុន អ័រគីដេ ចុះ MOU ជាមួយសាលា ប៊ែលធី អន្តរជាតិ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់អតិថិជនក្រុមហ៊ុនទាំងពីរ
ក្នុងទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងសាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការល្អដោយផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនជូនដល់អតិថិជនបុរីអ័រគីដេ និងអ្នកអាណាព្យាបាលសិស្សនៃសាលា ប៊ែលធី អន្តរជាតិ។
ពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ ធ្វើឡើងក្រោមវត្តមានរបស់ លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយចប់ពិធីចុះហត្ថលេខានេះ បានឱ្យដឹង ភាគីទាំងពីរ បានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការល្អ ដោយផ្តល់នូវការសម្របសម្រួល និងអត្ថប្រយោជន៍បន្ថែមទៅវិញទៅមកជូនដល់អតិថិជន នៃក្រុមហ៊ុនទាំងពីរ ដែលរួមមាន ១. ផ្តល់ជូនអតិថិជនគ្រប់គម្រោងបុរីអ័រគីដេទាំងអស់ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នូវអាហារូបករណ៍ ឬការបញ្ចុះតម្លៃរហូតដល់ ២0% សម្រាប់ការសិក្សានៅសាលា ប៊ែលធី អន្តរជាតិទី៣០ (សាខាអ័រគីដេ៦អា) ស្ថិតនៅក្នុងបុរី Orkide The Botanic City នេះផ្ទាល់ និងសាលា ប៊ែលធី អន្តរជាតិទី៣២ (សាខាក្រាំងធ្នង់) ដែលជាសាខាដែលនៅកៀកនឹងគម្រោងអ័រគីដេដឹពោធិ៍ចិនតុង។ ដែលការផ្តល់ជូននេះមានរយៈពេលវែងរហូតដល់ទៅ ៥ឆ្នាំសិក្សា។ និង២. ផ្តល់ជូនអ្នកអាណាព្យាបាលសិស្ស ឬបុគ្គលិករបស់សាលា ប៊ែលធី អន្តរជាតិទាំងអស់ នូវការបញ្ចុះតម្លៃពិសេសបន្ថែម ទៅលើការទិញផ្ទះ ឬបន្ទប់ខុនដូ ពីគ្រប់គម្រោងនៃក្រុមហ៊ុន Orkide Development។ រាល់លក្ខខណ្ឌនានាត្រូវបានអនុវត្ត។
លោក គ្រួច សុភក្ត្រា បានគូសបញ្ជាក់ថា រាល់គម្រោងបុរីអ័រគីដេទាំងអស់ មិនត្រឹមតែផ្តល់ជូននូវលំនៅដ្ឋានសម្រាប់រស់នៅប៉ុណ្ណោះទេ ក៏ផ្តល់ជូននូវសហគមន៍មួយប្រកបដោយផាសុកភាព សុវត្ថិភាព និងសុខដុមរមនា។ ជាក់ស្តែងនៅគម្រោង The Botanic City នេះផ្ទាល់ យើងនៅតែបន្តអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា៖ មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹបដ៏ធំផ្តាច់គេ ដែលទើបតែបុកគ្រឹះសាងសង់កាលពីពេលថ្មីៗនេះ ដែលផ្តល់ជូននូវកីឡាចម្រុះ និងជាទីកន្លែងលំហែកម្សាន្តដ៏សម្បូរបែប។
ឯកឧត្តម លី ប៊ុនឆៃ បានមានប្រសាសន៍ថា សាលា ប៊ែលធី អន្តរជាតិ មាន ៣៣ទីតាំង និងកម្មវិធីសិក្សា ៥ធំៗ ត្រូវបានទទួលស្គាល់គុណភាពទាំងកម្រិតជាតិ និងអន្តរជាតិ។ ក្នុងនោះ សាលាទទួលបាន ISO កម្រិតជាតិពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិពីស្ថាប័ន ACM និង UKAS នៃចក្រភពអង់គ្លេស និងស្ថានប័ន AXE Register នៃសហភាពអឺរ៉ុប ដោយបានរៀបចំបំពេញតាមលក្ខខណ្ឌរបស់ ISO គឺប៊ែលធីស្តង់ដារ ដែលមានគំរូឯកភាពគ្នាតែមួយសម្រាប់អនុវត្តដូចៗគ្នានៅគ្រប់ទីតាំងប៊ែលធីទាំងអស់ ដូចជាស្តង់ដារអគារ បន្ទប់រៀន កម្មវិធីសិក្សាធំៗទាំង៥ កម្មវិធីសិក្សាបន្ថែមទាំង១២ ព្រមទាំងគុណវុឌ្ឍគ្រូបង្រៀន។
សូមបញ្ជាក់ថា គម្រោង Orkide The Botanic City ជាសហគមន៍រស់នៅដ៏ធំមួយ ស្ថិតលើផ្ទៃដីសរុបជាង ២០០ហិចតា អមដោយទន្លេសងខាងធំៗពីរ គឺទន្លេសាប និងទន្លេមេគង្គ។ គម្រោងនេះ ត្រូវបានបែងចែកជាច្រើនផ្នែកទៀត ដែលមានសក្តានុពលស្អាតដាច់គេ ធំជាងគេនៅក្នុងតំបន់ ដែលភ្ជាប់ជាមួយនឹងផ្លូវសាធារណៈសំខាន់ៗជាច្រើនខ្សែផងដែរ។ ជាពិសេស Orkide The Botanic City ក៏ជាគម្រោងបុរីតែមួយគត់ក្នុងខណ្ឌជ្រោយចង្វារ ដែលផ្តល់ជូននូវសួនច្បារធំទូលាយ និងសម្បូរបែប ផ្លូវដាច់ដោយឡែកសម្រាប់ជិះកង់ ដែលជាក្តីប្រាថ្នានៃការរស់នៅសម្រាប់គ្រួសារទំនើប និងបច្ចុប្បន្ន មានប្រជាពលរដ្ឋកំពុងរស់នៅក្នុងគម្រោងប្រមាណជាង ៣ ០០០គ្រួសារ៕អត្ថបទ៖ ឈិត បូរ៉ាវី






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១