Connect with us

ព័ត៌មាន

គិតមកទល់ពេលនេះនៅសល់ពលរដ្ឋភៀសសឹកជាង ២ម៉ឺន២ពាន់នាក់ទៀតមិនទាន់អាចទៅផ្ទះវិញបានឡើយ​

គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ២ម៉ឺន២ពាន់នាក់ទៀត​នៅតែមិន​ទាន់​អាច​វិល​ត្រឡប់​ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែស្ថានភាពមិនទាន់អំណោយផល ឬ​ដោយ​សារ​​មានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និង​បន្លាលួស​ដើម្បី​បិទផ្លូវ។

ឯកឧត្តម ប៉ែន បូណា​ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង​ឱ្យដឹង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលដែល​មាន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋមន្ត្រី មានគោលន​យោបាយច្បាស់​លាស់​ក្នុងកា​រ​ជួយ​ស្តាឡើ​ង​វិញ​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋភៀសសឹក។​ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំង​ពលរដ្ឋភៀស​សឹកដែ​ល​មិន​ទាន់​អាចវិលត្រឡប់ទៅវិញបាននៅឡើយ​សុទ្ធតែទទួលបានការយកចិត្តទុកដាក់ខ្ពស់​ពី​សំណាក់​រាជរ​ដ្ឋាភិ​បាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។

ឯកឧត្តម ប៉ែន បូណាបន្តថា ក្រៅពីជនភៀសសឹក រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​កម្ពុជា​ក៏​ផ្តោតកា​រ​យក​ចិត្តទុក​ដាក់​យ៉ាងខ្លាំងលើក្រុមគ្រួសារវីរយុទ្ធជនពលី។ ជាក់ស្តែងកន្លងទៅ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែអញ្ជើញ​ប្រគល់ផ្ទះថ្មីជូនគ្រួសារ​យុទ្ធជនពលីជាប​ន្ត​បន្ទា​ប់ដោ​យ​ភ្ជាប់ជាមួយនូវអំណោយជាថវិកា សម្ភារៈ​ប្រើប្រាស់ និងគ្រឿងឧបភោគ​បរិភោគ​ដើម្បី​ជួយ​សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ​។

បន្ថែមពីលើនេះ និងជាការតបស្នង​ចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន សម្តេចធិបតី នាយក​រដ្ឋ​មន្ត្រី​ បានដាក់ចេញគោលនយោបាយ និងយន្តការជា​ច្រើន​ដើម្បី​ជួយ​គាំពារ​ដល់​ក្រុម​គ្រួសារ​របស់​យុទ្ធ​ជន​ពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការ​ផ្តល់​អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញា​បត្រ ការរៀបចំ​ឥណទា​ន​សារ​ជា​ថ្មី ​និងការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំង​មាន​ការ​គិតគូរ​រហូត​ដល់​ការ​បង្កើត​ជា​មូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវបានក្រសួង ស្ថាប័ន និង​​អាជ្ញាធរ​មូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​មើល​ការខុសត្រូវ និង​ដោះស្រាយបញ្ហាប្រឈមនានា​ដែលពួកគេជួបប្រទះសំដៅជួយសម្រួល​និង​រក្សា​លំ​នឹង​ជីវភាព​របស់​ពួក​គេ។ ចំណែកពលរដ្ឋភៀសសឹក​ដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ​ត្រូវ​បាន​រាជ​រដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈ​សមរម្យដើម្បី​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ​«ភូមិរង់ចាំ»​ទម្រាំ​បញ្ហា​ព្រំដែនត្រូវបាន​ដោះស្រាយ​រួច​រាល់​ដែលអនុញ្ញាតឱ្យពួកគេ​អាចវិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែងរបស់ខ្លួនវិញបាន។

អំឡុងពេលស្នាក់នៅបណ្តោះអាសន្ន បងប្អូនពលរដ្ឋភៀសសឹក​បានទទួលការយកចិត្តទុកដាក់​មើល​ថែទាំងពីសំណាក់រាជរដ្ឋាភិបាលនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមទាំង​មហាជន និង​សប្បុរស​ជ​ន​គ្រ​ប់ទិសទី ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាង​សមរភូមិ​មុខ​ និង​សមរភូមិ​ក្រោយ​ដោយ គ្មានពលរដ្ឋណា​ម្នាក់​ត្រូវ​បាន​បោះ​បង់​ឱ្យ​នៅ​ឯកា​ឡើយ​ទោះ​ជា​ក្នុង​កាលៈ​ទេ​សៈ​ណាក៏ដោយ។ នេះជាភាពកក់ក្តៅ​ដែល​ប្រជាពលរដ្ឋភៀសសឹកទទួលបានពីរាជរដ្ឋាភិបាល អាជ្ញាធរ​ និងជនរួមជាតិគ្រប់ទិសទី។ ​

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគ្រប់គ្រង និង​ដោះស្រាយ​ផល​ប៉ះពាល់​ចំពោះ​ប្រជា​ពលរដ្ឋ​ភៀសសឹ​កដែ​លមិ​នទា​ន់អា​ចត្រ​ឡប់​ទៅលំ​នៅឋា​ន​វិញ​បាន យោងតាមរបាយការណ៍ចុងក្រោយរបស់ ក្រសួងម​ហា​ផ្ទៃ​ក្នុង​ចំណោម​ពលរ​ដ្ឋ​ភៀស​សឹក​ជាង​ ៦៤ម៉ឺននាក់ មានពលរដ្ឋប្រមាណ ៦២ម៉ឺននាក់បានវិលត្រឡប់ទៅផ្ទះសម្បែងវិញហើយ ដោយ​ឡែកនៅសល់ពលរដ្ឋជាង ២ម៉ឺន ២ពាន់នាក់ ទៀតពុំទាន់​អាច​ត្រឡប់​ទៅ​វិញ​បាន​នៅ​ឡើយ​ដោយ​សារ​​មានការរារាំងពីសំណាក់កងកម្លាំងថៃ តាមរយៈការដាក់ទូរកុងតឺន័រ និង​បន្លាលួស​ដើម្បី​បិ​ទ​ផ្លូវ​ជាដើម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia