ព័ត៌មាន
រដ្ឋសភាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាយប៉ា (AIPA) ត្រៀមរៀបចំកិច្ចប្រជុំកម្រិតតំបន់ ស្តីពីអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយចីរភាព
វិមានរដ្ឋសភា ៖ រដ្ឋសភាកម្ពុជាកំពុងពន្លឿនការងារបច្ចេកទេស យ៉ាងសកម្ម ដើម្បីត្រៀមរៀបចំកិច្ចពិភាក្សាតុមូល និងវេទិកាថ្នាក់ ដឹកនាំអន្តរជាតិសំខាន់ៗចំនួន៣ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ក្នុងគោលបំណងដោះស្រាយវិបត្តិអាកាសធាតុ និងជំរុញការវិនិយោគក្នុងវិស័យកសិកម្មប្រកបដោយចីរភាព និងការទទួលខុសត្រូវ។
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយលេខាធិការដ្ឋានអាយប៉ា និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីពិភាក្សាផ្ដោតសំខាន់លើការរៀបចំ ផែនការសម្រាប់ព្រឹត្តិការណ៍ធំៗដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន៖
• ទី១. សិក្ខាសាលាថ្នាក់ជាតិស្តីពី ការប្រែប្រួលអាកាសធាតុ៖ ជាកិច្ចសហការរវាងលេខាធិការដ្ឋានអាយប៉ា និងអង្គការ Tara Climate ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាបរិស្ថានសកល និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
• ទី២. វេទិកាពិគ្រោះយោបល់ថ្នាក់ដឹកនាំអាយប៉ា (AIPA Leadership Forum): វេទិកានេះគឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់សភាកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មរបស់អន្តរសភាអាស៊ាន (AIPA) ដើម្បីពង្រឹងតួនាទីអ្នកដឹកនាំក្នុងតំបន់លើការដោះស្រាយបញ្ហារួម។
• ទី៣. កិច្ចប្រជុំស្តីពីគោលការណ៍ណែនាំអាស៊ាន (ASEAN RAI):គឺជាកិច្ចប្រជុំស្របគ្នាដែលផ្ដោតលើការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យ
ចំណីអាហារ កសិកម្ម និងព្រៃឈើ ដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO )។
ការផ្តួចផ្តើមរៀបចំកិច្ចប្រជុំទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា ក្នុងការជំរុញ “ការទូតសភា” ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ និងការធានាសន្តិសុខស្បៀងក្នុងតំបន់។
លើសពីនេះ ការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗក្នុងឆ្នាំ២០២៦ ក៏ជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពល និងតួនាទីដឹកនាំរបស់ខ្លួនក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។
កិច្ចប្រជុំនាពេលរសៀលនេះ បានបញ្ចប់ទៅដោយការឯកភាពលើចំណុចបច្ចេកទេសសំខាន់ៗ ដើម្បីធានាថាព្រឹត្តិការណ៍នាពេលខាងមុខនឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កាសម្រាប់ឧត្តមប្រយោជន៍ជាតិ និងតំបន់ទាំងមូល៕











-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១