ព័ត៌មាន
ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ប្រព័ន្ធ ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត ២លាននាក់) គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី។ សមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។
ឯកឧត្ដមក៏បានគូសបញ្ជាក់ថា ប.ស.ស. បានក្លាយជាក្តីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ ហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសគោលដៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។
ជាក់ស្ដែង សេវា ប.ស.ស. កំពុងវិវត្តខ្លួនយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ដែលផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុកដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន (១) ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូ សរុបចំនួន ១ ៦១៧ ក្នុងនោះ វិស័យសាធារណៈមានចំនួន ១ ៤៤២ និងវិស័យឯកជនមានចំនួន ១៧៥, (២) ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ, (៣) ភាពទំនើបនៃប្រព័ន្ធរដ្ឋបាល ប.ស.ស. បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតមុខងារបង់ភាគទានជាជម្រើសច្រើន សម្រាប់សម្រួលដល់សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចបង់ភាគទាន តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីគេហទំព័រ NSSF Enterprise Web App, កម្មវិធីទូរសព្ទដៃ NSSF Enterprise Mobile App) ឬ ការបង់ដោយផ្ទាល់នៅធនាគារដៃគូ។ ប័ណ្ណសមាជិក ប.ស.ស. តែមួយ អាចប្រើបានទាំងផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធន, (៤)ការយកចិត្តទុកដាក់លើមាតា និងទារក និង (៥) សន្តិសុខស្មារតីនៅវ័យជរា។
នាឱកាសនោះ ឯកឧត្តមក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារដែលខិតខំសម្រេចបានក្នុងឆ្នាំ២០២៥ ដែលបានចូលរួមចំណែកក្នុងស្មារតីប្រកបដោយការទទួលខុសត្រូវ និងបុរេសកម្មរហូតសម្រេចបានលទ្ធផលគួរជាទីមោទនសម្រាប់ឆ្នាំ២០២៥ ពីសំណាក់ក្រុមប្រឹក្សាភិបាល ប.ស.ស ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក ប.ស.ស. និយោជក សហជីព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ មូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនជាដៃគូ ប.ស.ស. បានរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការពង្រីកវិសាលភាពសេវា ប.ស.ស. ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត។
ជាចុងក្រោយ ឯកឧត្តមបានផ្តល់ការណែនាំឱ្យ អង្គសន្និបាតទាំងមូល ឱ្យចូលរួមពិភាក្សាឱ្យបានផុលផុស និងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ក៏ដូចជាកំណត់បញ្ហាប្រឈមចម្បងៗ និងរកដំណោះស្រាយ សំដៅពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពមន្រ្តី ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងនិងផ្តល់សេវាកាន់តែល្អប្រសើរជូនសមាជិក ប.ស.ស ព្រមទាំងធានាបាននូវនិរន្តភាព និងភាពរីកច្រើន៕













-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត