ព័ត៌មាន
ព្រះមហាក្សត្រអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនបន្តចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីននៅកម្ពុជា
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនជាតិ-អន្តរជាតិនានា សូមមេត្តាបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោស សម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជសារព្រះមហាក្សត្រចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រទានជូនជនរួមជាតិ ក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
តាមរយៈព្រះរាជសារព្រះមហាក្សត្រមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ រួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព»។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៤ ខែកុម្ភៈ ជាទិវាជាតិយល់ដឹងអំពីមីន នេះជាទិវាដ៏មានសារៈសំខាន់មួយ ដើម្បីរំលឹកដល់ប្រជារាស្ត្រគ្រប់រូប ឱ្យយល់ដឹងកាន់តែច្បាស់ និងមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទ។ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើផ្ទៃប្រទេសមាន បន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទុះយ៉ាងសន្ធឹកសន្ធាប់។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្តាលឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ នឹងធ្វើឱ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួស ធ្លាក់ខ្លួនពិការពេញមួយជីវិត និងបានបាត់បង់ជីវិត ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន រហូតមកដល់បច្ចុប្បន្ននេះ។
នៅក្នុងព្រះរាជសារបានបន្តថា ក្នុងពេលបច្ចុប្បន្ននេះទៀត ប្រទេសកម្ពុជាយើងទើបបានរងការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មាន គ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗនៅរាយប៉ាយតាមភូមិកររបស់ប្រជាជន កម្ពុជា ការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបោសសម្អាតបន្ថែម ទៀត។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេចគ្រាប់មីនគ្រប់ប្រភេទ ដែលមានស្តុកនៅក្នុង ឃ្លាំង និងបានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីន ក្រោមជំនួយឧបត្ថម្ភគាំទ្រ ពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការជូនប្រជាកសិករនៅទូទាំងប្រទេស។
ព្រះមហាក្សត្រក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា ព្រមទាំងទទួលបាន លទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ដែលបានរូបរួមគ្នាបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមជួយអប់រំ និងផ្សព្វផ្សាយដល់ប្រជារាស្ត្រឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កឡើង ដោយគ្រាប់មីន និងទីតាំងដែលមនុស្ស និងសត្វអាចប្រឈមគ្រោះថ្នាក់ដោយសារមីន និងបានយកចិត្តទុកដាក់ជួយជនរងគ្រោះដោយសារគ្រាប់មីន ឱ្យមានលទ្ធភាពរស់នៅសមរម្យក្នុងសង្គមជាតិ៕ អត្ថបទ៖ វង្ស សុភាព


-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត